
អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) បានថ្លែងកាលពីថ្ងៃពុធថា អង្គការណាតូ នឹងពិភាក្សាអំពីការខូចខាតបំពង់បង្ហូរឧស្ម័ន និងខ្សែកាប្លិ៍ទិន្នន័យ ដែលដំណើរការរវាងរដ្ឋ ជាសមាជិកហ្វាំងឡង់ និងអេស្តូនី ហើយនឹងឆ្លើយតបដ៏ម៉ឺងមាត់ ប្រសិនបើការវាយប្រហារណាមួយដោយចេតនា ត្រូវបានបញ្ជាក់ច្បាស់នោះ។
ការខូចខាតបំពង់ Baltic connector និងខ្សែកាប្លិ៍ទូរគមនាគមន៍ ត្រូវបានបញ្ជាក់កាលពីថ្ងៃអង្គារ បន្ទាប់ពីប្រតិបត្តិករបំពង់បង្ហូរប្រេងមួយក្នុងចំណោមប្រតិបត្តិករបំពង់ទាំងពីរ គឺ Gasgrid របស់ប្រទេសហ្វាំងឡង់បានបញ្ជាក់ពីការធ្លាក់ចុះនៃសម្ពាធ និងការលេចធ្លាយ ដែលអាចកើតមានឡើង កាលយប់ថ្ងៃអាទិត្យ ក្នុងអំឡុងពេលមានខ្យល់ព្យុះមួយ។
រដ្ឋធានី ហែលស៊ីនគី (Helsinki) ដែលកំពុងស៊ើបអង្កេត បាននិយាយថា ការខូចខាតប្រហែលជាបណ្តាលមកពីសកម្មភាពពីខាងក្រៅ។ បញ្ហានេះ បានធ្វើឲ្យមានការព្រួយបារម្ភអំពីសន្តិសុខថាមពល ក្នុងតំបន់ និងបានជំរុញឲ្យតម្លៃឧស្ម័ន ឡើងថ្លៃ។
លោកស្តូលថិនប៊ឺក បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប្រ៊ុចសែល នៅមុនពេលកិច្ចប្រជុំនៃសម្ព័ន្ធភាពយោធាថា៖«ឥឡូវនេះ រឿងសំខាន់ គឺត្រូវបង្កើតនូវអ្វីដែលបានកើតឡើង និងរបៀបដែលវាអាចកើតឡើង។