កំពត ៖ ផ្សាររាត្រីកំពត ដែលមានទីតាំងជាប់រង្វង់មូលទុរេន ត្រូវបិទផ្អាកអាជីវកម្មលក់ដូរគ្រប់ប្រភេទរយៈពេលមួយសប្តាហ៍ បន្ទាប់មន្ត្រីជំនាញបានរកឃើញអាជីវករម្នាក់ផ្ទុកកូវីដ-១៩ ។
លោក លាង រឿនសុធី អភិបាលក្រុងកំពតនៅថ្ងៃទី៣ខែមិថុនានេះ បានឲ្យដឹងថា អាជ្ញាធរក្រុងកំពត បានចេញលិខិតមួយជូនដល់ម្ចាស់ផ្សាររាត្រីកំពត ដែលមានទីតាំងស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ជាប់រង្វង់មូលទុរេន ឱ្យបិទផ្អាកអាជីវកម្មលក់ដូរគ្រប់ប្រភេទក្នុងផ្សារនោះ បណ្តោះអាសន្ន រយៈពេលមួយសប្តាហ៍ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅលើម្ចាស់តូបលេខ D 08,09 (ប្តី) ដែលមានប្រពន្ធឈ្មោះ នាង សុខ។
លោកអភិបាលក្រុង បានបញ្ជាក់ថា ការបិទផ្អាក់នេះ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងក្រុងកំពត ទើបសម្រេចបិទផ្អាកអាជីវកម្មលក់ដូរគ្រប់ប្រភេទ ក្នុងផ្សាររាត្រីកំពត ជាបណ្ដោះអាសន្ន រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
លោកអភិបាលក្រុង បានអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធនឹងក្រុមគ្រួសារ ឈ្មោះខាងលើ ត្រូវទៅពិនិត្យសំណាក នៅមន្ទីរពេទ្យបង្អែក ឬ ទៅសួរនាំមណ្ឌលសុខភាពដែលនៅជិតផ្ទះ ។
ចំពោះទីតាំងប្រឈមទាំងអស់នៅក្នុងខេត្ត ក្រុមការងារជំនាញសង្គ្រោះបន្ទាន់លេខ ៧១១ បានចុះមកបាញ់ថ្នាំសម្លាប់មេរោគបានជាច្រើនទីតាំង រួមមានទីតាំងកាស៊ីណូ ផ្សារព្រែកក្រឹស និងតាមបណ្តាស្រុកជាច្រើនទៀត រួមទាំងផ្សារាត្រីខេត្តកំពតផងដែរ ៕
អត្ថបទ ៖ សារីម

