
នៅពេលដែលការប្រយុទ្ធគ្នាបានផ្ទុះឡើង នៅប្រទេសអ៊ីស្រាអែល ពលករថៃ លោក Katchakorn Pudtason បានលាក់ខ្លួនក្នុងលេណដ្ឋាននៅផ្ទះរបស់ថៅកែខ្លួន មុនពេលដែលប្រញាប់ប្រញាល់ត្រឡប់ទៅកសិដ្ឋានរបស់ពួកគេវិញ ហើយពួននៅក្រោយគូទឡាន។
លោកគឺជាម្នាក់ក្នុងចំណោមពលរដ្ឋថៃចំនួន ៤១នាក់ ដែលបានវិលត្រឡប់មកប្រទេសកំណើតវិញ នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែតុលា) នេះ បន្ទាប់ពីត្រូវបានជម្លៀសចេញពីតំបន់នៅក្បែរតំបន់ហ្គាហ្សា ដែលត្រូវបានគេចាត់ទុកថា ជាតំបន់មានគ្រោះថ្នាក់។
ដោយអង្គុយលើរទេះរុញ ក្នុងខណៈដែលលោករៀបរាប់ពីការរត់គេចខ្លួនពីការវាយប្រហាររបស់ក្រុមហាម៉ាស ប្រាប់អ្នកសារព័ត៌មាន នៅឯអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងទីក្រុងបាងកក លោក Pudtason បាននិយាយថា៖ «ការប្រយុទ្ធគ្នា នៅព្រឹកនោះ បានផ្ទុះឡើង វាមានសភាពសាហាវខ្លាំងណាស់»។
លោក Pudtason បានបន្តថា គ្រាប់កាំភ្លើងរត់ឆ្វេចឆ្វាចលើរថយន្ត ដែលលោក និងមិត្តរួមការងារ ពួនលាក់ខ្លួន ដោយគ្រាប់កាំភ្លើង១គ្រាប់ បានត្រូវរូបលោក។ លោកបានប្រាប់ថា៖ «ខ្ញុំជាមនុស្សដំបូងគេ ដែលត្រូវគ្រាប់កាំភ្លើងត្រង់ជង្គង់។ ដំបូងឡើង ខ្ញុំស្មានថា ដុំថ្មខ្ទាតត្រូវ»។
លោកបានបន្ថែមថា មិត្តរួមការងាររបស់លោក ៤នាក់ បានរងរបួស ដោយម្នាក់ត្រូវចំថ្ពាល់។ លោកបានបញ្ជាក់ថា ការបាញ់ប្រហារកើតមានឥតឈប់ឈរ ពោលគឺវាមិនដូចនៅក្នុងខ្សែភាពយន្តទេ។ ការបាញ់រះតម្រង់មកលើពួកយើង ហាក់បីដូចជាពួកគេចង់ឲ្យសារពាង្គកាយរបស់ពួកយើងរហែកចេញពីគ្នា»។
យោងតាមរដ្ឋាភិបាលថៃ បានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋថៃ ក្នុងប្រទេសអ៊ីស្រាអែល បានកើនឡើងដល់ ២១នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដោយ ១៦នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ និង ១៤នាក់ទៀត រងរបួស៕