កម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ (WFP) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (១២ តុលា) ថា ការផ្គត់ផ្គង់សំខាន់ៗមានកម្រិតទាបប្រកបដោយគ្រោះថ្នាក់ នៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប ហើយអាចនឹងអស់យ៉ាងឆាបរហ័ស បន្ទាប់ពីអ៊ីស្រាអែលបានដាក់ការបិទផ្លូវទាំងស្រុងលើទឹកដីនេះ បន្ទាប់ពីការវាយប្រហារលើអ៊ីស្រាអែល ដោយក្រុមហាម៉ាស។
អ៊ីស្រាអែលបានប្រកាសពីការឡោមព័ទ្ធទាំងស្រុងលើតំបន់ហ្គាហ្សា កាលពីថ្ងៃចន្ទ ដោយរារាំងការបញ្ចូនអាហារ ប្រេងឥន្ធនៈ និងទឹកចូលទៅក្នុងតំបន់ឆ្នេរមួយនេះ និងបិទច្រកឆ្លងកាត់ទាំងអស់ បន្ទាប់ពីការវាយប្រហារកាលពីចុងសប្តាហ៍របស់ក្រុមហាម៉ាស ដែលបានសម្លាប់ប្រជាជនអ៊ីស្រាអែលជាង ១.៣០០នាក់មក។
គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (IRCRC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រេងឥន្ធនៈ សម្រាប់ម៉ាស៊ីនភ្លើងក្នុងមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា នឹងអស់ក្នុងពេលឆាប់ៗនេះ ដោយបន្ថែមថាស្តុកជំនួយ និងថ្នាំរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ត្រូវបានជាប់គាំង សម្រាប់ការចង់ឆ្លងកាត់ប្រកបដោយសុវត្ថិភាព។
នៅក្នុងពេលវេលាធម្មតា ទីភ្នាក់ងារអង្គការសហប្រជាជាតិ ផ្តល់ជំនួយស្បៀងអាហារផ្ទាល់ដល់ប្រជាជនប៉ាឡេស្ទីន ប្រហែល ៣៥០.០០០នាក់ ក្នុងមួយខែ ខណៈពេលដែលផ្តល់ជំនួយដល់មនុស្សជិត ១លាននាក់ ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូមនុស្សធម៌ផ្សេងទៀត តាមរយៈការផ្ទេរសាច់ប្រាក់ទៅដល់ពលរដ្ឋប៉ាឡេស្ទីនផងដែរ៕



