អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នឹងគ្មានការផ្អាកសម្រាប់ផ្នែកមនុស្សធម៌នោះទេ ទៅកាន់ការហ៊ុមព័ទ្ធរបស់ខ្លួននៅតំបន់ហ្គាហ្សា លុះត្រាតែចំណាប់ថ្នូរទាំងអស់ត្រូវបានដោះលែង បន្ទាប់ពីកាកបាទក្រហមបានអង្វរសុំការអនុញ្ញាតិឱ្យប្រេងឥន្ធនៈចូលមកតំបន់នេះ ដើម្បីការពារមន្ទីរពេទ្យដែលមានអ្នកជំងឺច្រើនលើសលប់មិនឲ្យប្រែក្លាយទៅជាកន្លែងបញ្ចុះសព។ អ៊ីស្រាអែលបានប្តេជ្ញាថា នឹងកម្ទេចឲ្យទៅជាផេះផង់ចលនាក្រុមហាម៉ាសដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សា ជាការសងសឹកចំពោះការវាយប្រហារដ៏ឃោឃៅបំផុតមកលើជនជាតិជ្វីហ្វចាប់តាំងពីការសម្លាប់រង្គាល នៅពេលដែលខ្មាន់កាំភ្លើងរាប់រយនាក់បានសម្រុកចូលឆ្លងកាត់របងការពារ និងបានវាយលុកលើទីក្រុងជាច្រើនរបស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍។ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ Kan បាននិយាយថា ចំនួនអ្នកស្លាប់របស់អ៊ីស្រាអែល បានកើនឡើងដល់ជាង ១.៣០០ នាក់ដែលត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃសៅរ៍។ ភាគច្រើនជាជនស៊ីវិល ត្រូវបានគេបាញ់សម្លាប់នៅតាមលំនៅឋានរបស់ពួកគេ នៅតាមដងផ្លូវ ឬនៅក្នុងពិធីជប់លៀង។ ចំណាប់ខ្មាំង អ៊ីស្រាអែល និងបរទេស ជាច្រើននាក់ត្រូវបានចាប់យកមកតំបន់ហ្គាហ្សា។ ការសម្លាប់រង្គាល បានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល ដណ្តើមបានការគ្រប់គ្រងទីក្រុងមួយចំនួនមកវិញ។ រហូតមកដល់ពេលនេះ អ៊ីស្រាអែលបានឆ្លើយតបដោយការដាក់តំបន់ដែលមានប្រជាជនចំនួន ២,៣ លាននាក់ ឲ្យស្ថិតនៅក្រោមការហ៊ុមព័ទ្ធទាំងស្រុង និងចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល៧៥ឆ្នាំមកនេះនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។
អាជ្ញាធរតំបន់ហ្គាហ្សាបាននិយាយថា មនុស្សជាង១.២០០នាក់បានស្លាប់ និងជាង៥.០០០នាក់បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែក។ ស្ថានីយអគ្គិសនីផ្តាច់មុខមួយត្រូវបានបិទ ហើយមន្ទីរពេទ្យកំពុងអស់ប្រេងឥន្ធនៈសម្រាប់ម៉ាស៊ីនភ្លើងសង្គ្រោះបន្ទាន់៕

