កំពត ៖ របាយការណ៍របស់សាខាពន្ធដារខេត្ត បានឲ្យដឹងថា ប្រាំខែដើមឆ្នាំ២០២១ ចំណូលពន្ធដារខេត្តកំពត បានជាង៣លានដុល្លារ កើនឡើងជាង១០ភាគរយ បើប្រៀបធៀប រយៈពេលដូចគ្នានៅឆ្នាំ២០២០ ឬ ស្មើនឹង៧១, ៦% នៃផែនការឆ្នាំ។
នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា ឆ្នាំ២០២១របស់រដ្ឋបាលខេត្តកំពត តាមរយៈ (Video Conference) នៅថ្ងៃទី០២ ខែឧសភា ម្សិលមិញនេះ ប្រធានសាខាពន្ធដារខេត្តកំពត លោក ហៀន សុខល់ បានលើកឡើងថា ខែឧសភា សាខាពន្ធដារខេត្តប្រមូលចំណូលបានជាង២១០០ លានរៀល ស្មើនឹង៥២ម៉ឺនដុល្លារ បូកបន្តប្រាំ៥ខែ បានជាង១៤.៧៩២លានរៀល ស្មើនឹង ៣,៦ លានដុល្លារ ស្មើនឹង៧១,៦% នៃផែនការឆ្នាំ២០២១។ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំណូលបានកើនឡើងចំនួនជា១.៣៦៩លានរៀល ស្មើនឹង១០,២% ។
លោកប្រធានពន្ធដារ បានបញ្ជាក់ថា ការកើនឡើងនេះ ដោយសារទី១.ការប្រមូលពន្ធលើប្រាក់ចំណូល ឬពន្ធលើប្រាក់ចំណេញរបស់ក្រុមហ៊ុននីមួយៗ មានចំនួន ៤០២លានរៀល ស្មើនឹង១៣,៩% ទី២.ពន្ធលើប្រាក់បៀវត្សកើនឡើងជាង ២១៣លានរៀល ស្មើ៤៩% និងទី៣.ពន្ធប្រថាប់ត្រាមានការកើនឡើងជាង២០០លានរៀលស្មើ២០%។
លោក បានឲ្យដឹងដែរថា ចំណូលពន្ធដារថវិកាថ្នាក់ជាតិ ក្នុងខែឧសភា បានជាង៩០០លានរៀល បូកបន្តប្រាំខែ ជាង៧០០០លានរៀលស្មើ ៧៤.៩%នៃផែនការឆ្នាំ ដោយឡែកចំណូលថវិកាថ្នាក់ក្រោមជាតិ ក្នុងខែឧសភា ប្រមូលបាន១ ១៩៨ លានរៀល បូកបន្តប្រាំខែបានជាង ៧០០០លានរៀលស្មើនឹង ៦៨,៦% នៃផែនការឆ្នាំ ៕
អត្ថបទ ៖ សារីម

