ប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ត្រូវបានទុកចោលដោយគ្មានផ្ទះសម្បែង ដោយឥឡូវនេះពួកគេកំពុងស្នាក់នៅក្នុងតង់នៅតាមដងផ្លូវ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាជាច្រើនដង បានវាយប្រហារប្រទេសនេះ។
លោក បារ៉ាត់ អាលី អ្នកស្រុកម្នាក់របស់ខេត្តហើរ៉ាត់ (Herat) បានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ (១២ តុលា) ថា លោកបានរស់នៅក្នុងតង់អស់រយៈពេល ៥ថ្ងៃ ឬ៦ថ្ងៃហើយ ដោយលោកភ័យខ្លាចថាអាចមានការរញ្ជួយដីមួយទៀត ហើយថាលំនៅឋានរបស់លោកមិនអាចទប់ទល់នឹងគ្រោះថ្នាក់ណាបាននោះទេ។

គ្រោះរញ្ជួយដីជាច្រើនករណី បានកើតឡើងនៅក្នុងខេត្ត Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ (៧ តុលា) និងថ្ងៃពុធ (១១ តុលា) ដោយបានបំផ្លាញភូមិទាំងមូល នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម និងពឹងផ្អែកលើជំនួយបរទេសអស់រយៈពេលជាយូរមកហើយ ដែលបានរីងស្ងួតចាប់តាំងពីពួកតាលីបង់ ចូលកាន់កាប់ក្នុងឆ្នាំ២០២១ មក។

រដ្ឋាភិបាលដែលគ្រប់គ្រងដោយពួកតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន បានដាក់ចេញនូវចំនួនអ្នកស្លាប់មិនច្បាស់លាស់ ដោយក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា មនុស្សជាង ២.៤០០នាក់បានស្លាប់ ប៉ុន្តែក្រសួងសុខាភិបាលបញ្ជាក់ត្រឹមតែជាង ១.០០០នាក់ប៉ុណ្ណោះ។ ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានដាក់ចំនួនអ្នកស្លាប់ចំនួន ១.២៩៤នាក់ ប៉ុន្តែនៅក្នុងស្រុកតែមួយប៉ុណ្ណោះ។
ទីភ្នាក់ងារជំនួយជាច្រើន បានចាប់ផ្តើមការអំពាវនាវជាថ្មីសម្រាប់មូលនិធិ ដើម្បីដោះស្រាយផលប៉ះពាល់ពីការរញ្ជួយដី ខណៈដែលក្រុមអាជ្ញាធរក្នុងតំបន់ បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ជំនួយជាបន្ទាន់ដល់មនុស្សរាប់ពាន់នាក់ ដែលបានចាកចេញពីផ្ទះសម្បែង បន្ទាប់ពីមានការរញ្ជួយដីនោះមក៕
