ប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo-Iweala បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១២ តុលា) ថា លោកស្រីសង្ឃឹមថា ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស អាចត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស ដោយព្រមានថាជម្លោះនោះ នឹងមាន «ផលប៉ះពាល់យ៉ាងធំធេង» លើលំហូរពាណិជ្ជកម្មសកល ដែលមានសភាពខ្សោយរួចទៅហើយនោះ ប្រសិនបើជម្លោះរីករាលដាលពាសពេញតំបន់នេះ។

លោកស្រីបាននិយាយថា «មានភាពមិនច្បាស់លាស់អំពីថា តើជម្លោះនឹងរីករាលដាលបន្ថែមទៀត ទៅកាន់តំបន់ទាំងមូល ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក ឬយ៉ាងណានោះទេ។ យើងសង្ឃឹមថាអំពើហិង្សាទាំងអស់ នឹងត្រូវបានបញ្ចប់ ដោយសារតែវាបង្កើតភាពមិនប្រាកដប្រជាសម្រាប់សេដ្ឋកិច្ចពិភពលោកមួយនេះ»។

លោកស្រី Okonjo-Iweala ដែលកំពុងស្ថិតនៅប្រទេសម៉ារ៉ុក សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកក្នុងសប្តាហ៍នេះ បានបន្ថែមថា ភាពមិនប្រាកដប្រជាជាសកល កំពុងកំណត់កំណើនពាណិជ្ជកម្មពិភពលោករួចមកហើយ ប៉ុន្តែវានឹងកាន់តែធ្ងន់ធ្ងរឡើងដោយសារការចាប់ផ្តើមនៃសង្គ្រាមភ្លាមៗរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមនិយម ហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា ស្ទ្រីប មួយនោះ។
ប្រធាន WTO រូបនេះបាននិយាយថា អំពើហឹង្សានៅមជ្ឈិមបូព៌ា អាចបន្ថែមទៅលើកត្តាដែលរារាំងកំណើនពាណិជ្ជកម្ម រួមទាំងអត្រាការប្រាក់ខ្ពស់ ទីផ្សារអចលនទ្រព្យចិនដែលមានភាពតានតឹង និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនផងដែរ៕

