អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បានចេញការអំពាវនាវបន្ទាន់មួយសម្រាប់ជំនួយ ២៩៤ លានដុល្លារអាមេរិក ដើម្បីដោះស្រាយ «តម្រូវការបន្ទាន់បំផុត» នៅក្នុងតំបន់ហ្គាហ្សា និងតំបន់កាន់កាប់ West Bank ជាកន្លែងដែលពលរដ្ឋប៉ាឡេស្ទីនជាង ៤០០.០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជួយមនុស្សជាង ១,២ លាននាក់ និងបាននិយាយថាការប្រយុទ្ធគ្នានាពេលថ្មីៗនេះនៅក្នុងតំបន់ បានធ្វើឱ្យក្រុមផ្តល់ជំនួយពុំមានធនធានគ្រប់គ្រាន់។

ប្រទេសអ៊ីស្រាអែល បានសងសឹកដោយការវាយប្រហារតាមអាកាស និងកាំភ្លើងធំមកលើតំបន់ហ្កាហ្សា ជាតំបន់ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល ២,៣ លាននាក់ បានបំផ្លាញអគារ និងបានសម្លាប់មនុស្សជាង ១.៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។ អង្គការ OCHA បាននិយាយ នៅក្នុងការអំពាវនាវរបស់ខ្លួនថា តម្រូវការមនុស្សធម៌ដែលលាយឡំគ្នាដោយការកើនឡើងកាន់តែខ្លាំងកាលពីខែឧសភា ឆ្នាំ ២០២៣ នៅតំបន់ហ្គាហ្សា និងការធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺននៃស្ថានភាពនៅតំបន់ West Bank បានធ្វើឱ្យអង្គការមនុស្សធម៌គ្មានធនធានដែលត្រូវការ ដើម្បីឆ្លើយតបឱ្យបានគ្រប់គ្រាន់ទៅនឹងតម្រូវការពេញលេញរបស់ពលរដ្ឋប៉ាឡេស្ទីនដែលងាយរងគ្រោះ។
កាលពីពេលមុន អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ខ្លួននឹងត្រូវការថវិកា ដើម្បីផ្តល់មូលនិធិប្រតិបត្តិការជួយដល់ពលរដ្ឋប៉ាឡេស្ទីនចំនួន ២.១ លាននាក់ ក្នុងឆ្នាំ ២០២៣ ជាគោលដៅដែលបានផ្តល់ហិរញ្ញប្បទានមិនដល់ ៥០ ភាគរយ។ គ្រួសារជិត ៦០ ភាគរយនៅតំបន់ហ្គាហ្សា ត្រូវបានចាត់ទុកថាជួបអសន្តិសុខស្បៀងមុនពេលចាប់ផ្តើមនៃអរិភាពថ្មី៕
