ប្រជាពលរដ្ឋនៅខេត្ដសៀមរាប សម្ដែងការសប្បាយរីករាយ ដែលរដ្ឋាភិបាលបានផ្ដល់រថយន្ដក្រុងជិះដោយមិនគិតថ្លៃ ដោយពួកគាត់លើកថា បានជួយកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរដោយរថយន្ដឈ្នួល។

ប្រជាពលរដ្ឋធ្វើដំណើរចេញពីក្រុងសៀមរាប ក៍ដូចធ្វើដំណើរមកកាន់ខេត្ដសៀមរាប បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ធ្លាប់ធ្វើដំណើរទៅមកដោយឥតគិតថ្លៃ តាមរយៈរថយន្តក្រុងដែលផ្តល់ដោយរាជរដ្ឋាភិបាលនេះជាច្រើនលើកមកហើយ ព្រោះបានជួយកាត់បន្ថយការចំណាយសម្រាប់ថ្លៃធ្វើដំណើរបានច្រើន ខណៈដែលពួកគាត់មានសមាជិកធ្វើដំណើរច្រើន។ ពួកគាត់បន្ដថា ការជ្រើសរើសសេវាកម្មរថយន្តក្រុងរបស់រាជរដ្ឋាភិបាលក្នុងរដូវកាលភ្ជុំបិណ្ឌនេះ វាអាចឲ្យសន្សំថវិកាបានខ្លះ ដើម្បីជួបជុំគ្រួសារ ហើយការធ្វើដំណើរតាមរថយន្តក្រុងនេះ មានសុវត្ថិភាព និងផាសុខភាពល្អ និងបានសល់លុយជួយសម្រាលបន្ទុកបានមួយចំណែក។មួយវិញទៀត អ្នកបើកបរមានភាពរួសរាយរាក់ទាក់ ចេះជួយជញ្ជូនសម្ភារៈអ្នកដំណើរ រថយន្តមានម៉ាស៊ីនត្រជាក់ផងដែរ ។ ពួកគាត់បានសម្តែងនូវការសប្បាយចិត្ត និងថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល ដែលផ្តល់ជូនរថយន្តដឹកពួកគាត់ដោយឥតគិតថ្លៃទាំងទៅទាំងមក និងសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតីហ៊ុន ម៉ាណែត បន្តផ្តល់ជូននូវសេវាកម្មនេះជាបន្តទៀត ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ បានផ្តល់រថយន្តក្រុងចំនួន ១២០គ្រឿង សម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ ទៅកាន់ខេត្ដសៀមរាប ក្នុងរដូវភ្ជុំបិណ្ឌដោយឥតគិតថ្លៃ។ ការផ្តល់ជូននេះ ត្រូវបានប្រជាពលរដ្ឋលើកឡើងថា បានផ្តល់ឱកាសធំធេងដល់ពួកគាត់ក្នុងការជួបជុំក្រុមគ្រួសារ។ ទីតាំងរថយន្ដក្រុងរបស់រដ្ឋដែលមិនគិតថ្លៃនេះ ស្ថិតនៅមណ្ឌលរដ្ឋបាលសាលាខេត្ដសៀមរាប។ រថយន្តចំនួន ១២០គ្រឿង នៃ៤៥៥គ្រឿង នឹងដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ មកកាន់ខេត្តសៀមរាប ក្នុងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣នេះ៕







