ផ្សែងពណ៌ប្រផេះដ៏ខ្មួលខ្មាញ់ពីចំហេះព្រៃរាប់សិបកន្លែង នៅក្នុងតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល ដែលភាគច្រើននៃចំហេះទាំងនោះបានចាប់ផ្តើមដោយខុសច្បាប់ បានហុយឡើងពាសពេញរដ្ឋធានី Manaus ក្នុងតំបន់ ដែលធ្វើឱ្យគុណភាពខ្យល់កាន់តែគ្រោះថ្នាក់ និងមិនអាចដកដង្ហើមបាន។

ប្រជាពលរដ្ឋត្អូញត្អែរពីបញ្ហាមានក្លិនឈួល និងបញ្ហាបំពង់ក ដោយសារផ្សែងពីចំហេះនោះ។ ក្រុមអ្នកជំនាញនិយាយថា ផ្សែងដ៏ខ្មួលខ្មាញ់នេះកើតចេញពីចំហេះព្រៃជុំវិញទីក្រុង និងក្នុងតំបន់ផ្សេងទៀត ដែលជារឿយៗបានបង្កឡើងដោយចេតនា ដើម្បីបោសសម្អាតដើមឈើសម្រាប់កសិកម្ម និងការអភិវឌ្ឍន៍ ទីក្រុងដោយគ្មានការអនុញ្ញាត។

យោងតាមសមាគមអភិរក្សសត្វព្រៃបានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុស្ងួតខ្លាំង បង្កឡើងដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលតំបន់នេះកំពុងទទួលរង ជាមួយនឹងសីតុណ្ហភាពដ៏ខ្ពស់ខ្លាំង បានជួយក្នុងការបញ្ឆេះភ្លើង និងការរាលដាលយ៉ាងឆាប់រហ័សនៃចំហេះផងដែរ។
តំបន់ព្រៃអាម៉ាហ្សូននេះ កំពុងស្ថិតនៅក្រោមសម្ពាធពីបាតុភូតអាកាសធាតុអ៊ែល នីញ៉ូ ហើយទឹកភ្លៀងនៅភាគខាងជើងព្រៃអាម៉ាហ្សូន គឺទាបជាងកម្រិតមធ្យមភាគប្រវត្តិសាស្ត្រ ហើយដៃទន្លេ និងខ្សែទឹក ដែលរត់ចូលទៅក្នុងទន្លេអាម៉ាហ្សូន ក៏បានធ្លាក់ចុះដល់កម្រិតមិនធ្លាប់មានក្នុងកំណត់ត្រាផងដែរ៕
