នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោកស្រី Orna Sagiv នៅថ្ងៃសុក្រ ទី១៣ ខែតុលានេះ ហើយបានជំរុញឱ្យជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋថៃ ឲ្យត្រឡប់មកប្រទេសថៃវិញ ដោយសារតែជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស។
លោក Srettha បាននិយាយថា ពលរដ្ឋថៃជិត ៦.០០០នាក់ បានចុះឈ្មោះ ដើម្បីវិលត្រឡប់មកប្រទេសវិញ ប៉ុន្តែលោកបាននិយាយថា ការជម្លៀសពួកគេប្រហែលជាត្រូវការពេលវេលា ខណៈជនជាតិថៃត្រូវនៅរាយប៉ាយនៅកន្លែងផ្សេងៗគ្នាក្នុងតំបន់។
អ្នកជម្លៀសខ្លួនចំនួន៤១នាក់ ដែលទាំងអស់ជាពលករបម្រើការងារនៅប្រទេសអ៊ីស្រាអែល ត្រូវបានបញ្ជូនត្រឡប់មកប្រទេសថៃវិញកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា តាមរយៈជើងហោះហើរពាណិជ្ជកម្ម រួមទាំងជនជាតិថៃ១៥នាក់ ដែលត្រូវបានផ្តល់អាទិភាពដោយរដ្ឋាភិបាលថៃ ដោយសារតែពួកគេរងរបួស និងរស់នៅក្នុងតំបន់មានហានិភ័យខ្ពស់។
យោងតាមរដ្ឋាភិបាលថៃបានឱ្យដឹងថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋថៃក្នុងប្រទេសអ៊ីស្រាអែល បានកើនឡើងដល់ ២១ នាក់កាលពីថ្ងៃព្រហស្បតិ៍ ដោយ ១៦ នាក់ត្រូវបានចាប់ជាចំណាប់ថ្នូរ និង ១៤ នាក់ទៀតរងរបួស។
ប្រទេសថៃជាប្រភពពលករចំណាកស្រុកច្រើនបំផុតមួយ ក្នុងប្រទេសអ៊ីស្រាអែល ដែលមានប្រមាណ ៣០.០០០នាក់ធ្វើការក្នុងវិស័យកសិកម្ម៕
