លោកជំទាវ ទ្រី រីសមហារីនី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី បានសន្យាផ្តល់អ្នកបច្ចេកទេសជួយបណ្តុះបណ្តាលសិល្បៈករមានពិការភាពនៅកម្ពុជា។ នេះជាការលើកឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ចកម្ពុជា នៅសាធារណរដ្ឋឥណ្ឌូនេស៊ី ។

ក្នុងជំនួបទ្វេរភាគីនោះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងបានយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ជនមានពិការស្របតាមអនុសញ្ញា ស្តីពីសិទ្ធិជនមានពិការភាព និងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការរបស់កម្ពុជា។ បន្ថែមលើនេះ ឯកឧត្តម ឯម ច័ន្ទមករា បានកត់សម្គាល់ផងដែរថា ប្រធានបទដែលត្រូវបានជ្រើសរើសសម្រាប់វេទិកាអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក មានគោលបំណងពន្លឿន និងសម្របសម្រួលនូវកិច្ចខិតខំប្រឹងប្រែជារួមរបស់រដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវរបៀបវារៈ នៃការអនុវត្តថ្នាក់ជាតិ និងថ្នាក់តំបន់នៃផែនការមេឆ្នាំ២០២៥៖ ការបញ្ជ្រាបសិទ្ធិជនមានពិការភាពនៅក្នុងសសរស្ដម្ភទាំងបី ពិសេសផ្តោតលើផាសុកវត្ថុ (Accessiblity)។

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ លើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តនូវការផ្តល់កម្មវិធីជំនួយសង្គមសម្រាប់ជនងាយរងគ្រោះពិសេសជនមានពិការភាព ដែលជារួមកម្ពុជាបានចំណាយថវិកាអស់ជាង ១ ២០០លានដុល្លារ សម្រាប់កម្មវិធីជំនួយសង្គមសម្រាប់ជនងាយរងគ្រោះនៅកម្ពុជា។
ឯកឧត្តម បានបង្ហាញនូវក្តីរំភើបរីករាយដោយបានឃើញពីសមត្ថភាព នៃការសម្តែងសិល្បៈរបស់សិល្បករ សិល្បការីមានពិការភាពរបស់សាធារណៈរដ្ឋឥណ្ឌូនេស៊ី រាប់រយនាក់ ក្នុងពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូអាស៊ានទាំងអស់ ដោយបង្ហាញពីសមត្ថភាពសម្តែងដ៏ប៉ិនប្រសព្វ ដែលជនមិនមានពិការទូទៅមួយចំនួនមិនអាចសម្តែងបាន។ ក្នុងន័យនេះ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើដល់រដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី តាមរយៈលោកជំទាវរដ្ឋមន្ត្រី ដើម្បីជួយផ្តល់អ្នកជំនាញដើម្បីបណ្តុះបណ្តាលផ្នែកសម្តែងសិល្បៈនេះដល់ជនមានពិការកម្ពុជា។

ឯកឧត្តម ឯម ច័ន្ទមករា ក៏បានស្នើឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ ដើម្បីមានឱកាសដកបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងវិស័យសង្គមកិច្ច ពិសេសការងារពិការងារ ដើម្បីធ្វើឱ្យស្ថានភាពជនមានពិការភាពនៃប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង។
ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រីសង្គមកិច្ច ទ្រី រីសមហារីនី បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរគឺសាធារណៈរដ្ឋឥណ្ឌូនេស៊ីនិងកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី ទ្រី រីសមហារីនី បានទទួលយកសំណើររបស់ឯកឧត្តម ឯម ច័ន្ទមករា និងបានសន្យាផ្តល់អ្នកបច្ចេកទេស ដើម្បីបណ្តុះបណ្តាលសិល្បៈករមានពិការភាពនៅកម្ពុជា។ ហើយលោកជំទាវរដ្ឋមន្ត្រីក៏បានចែករំលែកនូវបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងវិស័យពិការភាពនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ដោយបានលើកឡើងថា សាធារណរដ្ឋឥណ្ឌូនេស៊ី បានធ្វើកិច្ចការជាច្រើនឆ្នាំហើយក្នុងការបង្កើតនូវមជ្ឈមណ្ឌលសម្រាប់ជនមានពិការភាពរហូត ៥១មណ្ឌល និងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនមានពិការភាពចំនួន ៦មណ្ឌល ហើយដែលមជ្ឈមណ្ឌលទាំងនោះកំពុងផ្តល់សេវាដល់ជនមានពិការភាព។

ជាថ្មីម្តងទៀត លោកជំទាវរដ្ឋមន្ត្រីសង្គមកិច្ចសាធារណៈរដ្ឋឥណ្ឌូនេស៊ី បានសម្តែងនូវការស្វាគមន៍ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការណរបស់ប្រទេសទាំងពីរ ដោយឯកភាពថានឹងសិក្សាពីគ្នាទៅវិញទៅមក ជាពិសេសការដោះស្រាយកាត់បន្ថយបញ្ហាជីវភាពរស់នៅរបស់ជនមានពិការភាព ពីព្រោះនេះគឺជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់ជនមានពិការភាព៕ អត្ថបទ៖ គឹម ហុក

