អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃសុក្រ (១៣ តុលា) នេះថា យោធាអ៊ីស្រាអែលបានបញ្ជាឲ្យមានការជម្លៀសពលរដ្ឋទាំងអស់ចេញពីភាគខាងជើងតំបន់ហ្គាហ្សា ដែលជាតំបន់មួយមានប្រជាជនចំនួន ១,១លាននាក់ក្នុងរយៈពេល ២៤ម៉ោង។
នេះអាចបង្ហាញពីការវាយលុកតាមដីគោករបស់អ៊ីស្រាអែល ដែលជិតមកដល់ ទោះបីជាយោធាអ៊ីស្រាអែលមិនទាន់បានបញ្ជាក់ពីការអំពាវនាវបែបនេះក៏ដោយ។ កាលពីថ្ងៃព្រហស្បតិ៍ យោធាអ៊ីស្រាអែលបាននិយាយថា ខណៈដែលខ្លួនកំពុងរៀបចំជំហានបន្ទាប់ ការសម្រេចមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។

បទបញ្ជា ដែលត្រូវបានបញ្ជូនទៅអង្គការសហប្រជាជាតិនេះ ធ្វើឡើងនៅពេលដែលអ៊ីស្រាអែលបើកការវាយលុកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស។ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បានហៅបទបញ្ជានេះថា «មិនអាចទៅរួចនោះទេ» ដោយគ្មាន «ការបំផ្លិចបំផ្លាញនូវផលវិបាកមនុស្សធម៌»។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken រួមជាមួយនឹងការដឹកជញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិក បានផ្តល់ភ្លើងខៀវដ៏មានឥទ្ធិពលដល់អ៊ីស្រាអែល ដើម្បីជំរុញការឆ្ពោះទៅមុខជាមួយនឹងការសងសឹករបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ពួកហាម៉ាសលើជនស៊ីវិល និងទាហាន ទោះបីជាក្រុមផ្តល់ជំនួយអន្តរជាតិបានព្រមានអំពីស្ថានភាពកាន់តែអាក្រក់ទៅៗនៃវិបត្តិមនុស្សធម៌ក៏ដោយ៕
