សហភាពអឺរ៉ុប បានព្រមានក្រុមហ៊ុន TikTok អំពីបញ្ហា «ព័ត៌មានមិនពិត» ដែលរីករាលដាលនៅលើវេទិកាកម្មវិធីវីដេអូកម្សាន្តមួយនេះ បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស លើអ៊ីស្រាអែល។
សហភាពអឺរ៉ុបបានជំរុញឱ្យនាយកប្រតិបត្តិក្រុមហ៊ុន TikTok គឺលោក Shou Zi Chew នៅក្នុងសារបង្ហោះមួយ ឱ្យ «បង្កើនកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់» និងដាក់ចេញ «ក្នុងរយៈពេល ២៤ម៉ោងបន្ទាប់» ពីមធ្យោបាយដែលក្រុមហ៊ុននេះកំពុងអនុវត្តស្របតាមច្បាប់ឌីជីថលរបស់អឺរ៉ុប។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន បានមើលឃើញការកើនឡើង នៃព័ត៌មានមិនពិតអំពីជម្លោះអ៊ីស្រអែល រួមទាំងរូបភាពបែបបំភ្លៃ និងវីដេអូដែលដាក់ចំណងជើងខុសជាច្រើនទៀត។ នៅមុននោះ សហភាពអឺរ៉ុបក៏បានព្រមានក្រុមហ៊ុន X ដែលកាលពីមុនឈ្មោះថា Twitter និងក្រុមហ៊ុន Meta អំពីមាតិកាខ្លឹមសារបែបនោះផងដែរ។ សហភាពអឺរ៉ុបបាននិយាយថា ក្រុមហ៊ុន TikTok ចាំបាច់ត្រូវយកចិត្តទុកដាក់លើប្រជាប្រិយភាពរបស់ខ្លួនជាមួយយុវវ័យ។
ច្បាប់សេវាកម្មឌីជីថល (DSA) តម្រូវឱ្យ «វេទិកាអនឡាញធំៗ» លុប «ខ្លឹមសារខុសច្បាប់» ចេញជាសកម្ម ហើយតម្រូវឲ្យបង្ហាញថា ពួកគេបានចាត់វិធានការដើម្បីឆ្លើយតបនឹងបញ្ហាបែបនោះ ប្រសិនបើមានការស្នើសុំ៕

