ភាពតានតឹងបានកើនឡើងកាន់តែខ្លាំង នៅតាមព្រំដែនអ៊ីស្រាអែល និងលីបង់ ខណៈកងទ័ពអ៊ីស្រាអែល រថក្រោះ និងរថយន្តជាច្រើនត្រូវបានដាក់ពង្រាយ និងប្រចាំការ នៅថ្ងៃសុក្រ (១៣ តុលា) នេះ ដែលជាថ្ងៃទីប្រាំពីរនៃសង្រ្គាមជាមួយក្រុមហាម៉ាស និងបានពង្រីកខ្លួនទៅកាន់ព្រំដែនភាគខាងជើងជាមួយប្រទេសលីបង់។

អ៊ីស្រាអែលបានធ្វើការចោទប្រកាន់ដាក់គ្នា និងប៉ះទង្គិចពាក្យសម្ដីជាមួយក្រុមឧទ្ទាម ហេសបូឡា របស់លីបង់ ជាបន្តបន្ទាប់ក្នុងអំឡុងពេលសង្រ្គាម។
អង្គការឃ្លាំមើលសិទិ្ធមនុស្ស កាលពីថ្ងៃព្រហស្បតិ៍ (១២ តុលា) បានចោទប្រកាន់អ៊ីស្រាអែលថា បានប្រើប្រាស់គ្រាប់បែកផូស្វ័រពណ៌ស នៅក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា និងលីបង់ ដោយនិយាយថា ការប្រើប្រាស់អាវុធបែបនេះ ធ្វើឱ្យជនស៊ីវិលប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ និងរយៈពេលវែង។

ដោយត្រូវបានសាកសួរអំពីការអត្ថាធិប្បាយលើការចោទប្រកាន់នេះ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនមិនបានប្រើប្រាស់អាវុធ ដែលមានសារធាតុផូស្វ័រពណ៌ស នៅក្នុងតំបន់ហ្គាហ្សា នោះទេ ប៉ុន្តែយោធានោះមិនបានផ្តល់ការអត្ថាធិប្បាយលើការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិ លើការប្រើប្រាស់អាវុធ ដែលមានសារធាតុផូស្វ័រពណ៌ស នៅក្នុងប្រទេសលីបង់នោះទេ៕
