អ្នកថតវីដេអូរបស់សារព័ត៌មានរ៉យទ័រ លោក Issam Abdallah ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ (ទី១៣ តុលា) នៅភាគខាងត្បូងប្រទេសលីបង់ ខណៈកំពុងធ្វើការជាមួយបុគ្គលិកម្នាក់ ដើម្បីផ្តល់ការផ្សាយវីដេអូបន្តផ្ទាល់នៃការផ្ទុះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

អ្នកការទូតជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ លោកអគ្គលេខាធិការ អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) និង លោក Stephane Dujarric បានគូសបញ្ជាក់អំពីគ្រោះថ្នាក់ដែលអ្នកសារព័ត៌មាន ប្រឈមមុខក្នុងតាមយកព័ត៌មានជម្លោះនេះ។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅ UN លោក Gilad Erdan បានសោកស្តាយចំពោះការស្លាប់របស់លោក Abdallah ហើយបាននិយាយថា ប្រទេសរបស់លោក នឹងស៊ើបអង្កេតលើករណីស្លាប់នេះ។

អ្នកនាំពាក្យសេតវិមាន អ្នកស្រី Olivia Dalton បានសម្តែងការរំលែកទុក្ខដល់រដ្ឋបាលរបស់លោកបៃដិន ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយនិយាយថា លោកប្រធានាធិបតី បានផ្ញើការអធិដ្ឋានរបស់លោក។ តារាភាពយន្តហូលីវូដ លោក George Clooney ទួញសោកចំពោះការស្លាប់របស់លោក Abdallah ហើយបានពណ៌នាអំពីស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាថាជា «រឿងគួរឲ្យឈឺចាប់» ។
សារព័ត៌មានរ៉យទ័រ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងមានការសោកស្ដាយយ៉ាងខ្លាំងដែលបានដឹងថា អ្នកថតវីដេអូរបស់យើងគឺ លោក Issam Abdallah ត្រូវបានសម្លាប់» ។ សេចក្តីថ្លែងការណ៍ណោះ បានសរសេរថា៖«យើងកំពុងស្វែងរកព័ត៌មានបន្ថែមជាបន្ទាន់ ដោយធ្វើការជាមួយអាជ្ញាធរក្នុងតំបន់ និងគាំទ្រដល់ក្រុមគ្រួសារ និងសហការីរបស់លោក Issam»។