អ៊ីស្រាអែល បានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមយុទ្ធជនរបស់ខ្លួន បានវាយប្រហារឡើងចេញពីតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ (ទី៧ ខែតុលា) ហើយបានសម្រុកចូលតាមទីប្រជុំជន និងភូមិ ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែល ១.៣០០ នាក់ ភាគច្រើនជាជនស៊ីវិល និងបានចាប់ចំណាប់ថ្នូរជាច្រើននាក់។

ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានដាក់តំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដែលជាជម្រករបស់ជនជាតិប៉ាឡេស្ទីន ២,៣ លាននាក់ នៅក្រោមការឡោមព័ទ្ធទាំងស្រុង ហើយបានទម្លាក់គ្រាប់បែកលើវាជាមួយនឹងការវាយប្រហារតាមអាកាស ដែលមិនធ្លាប់មានពីមុនមក។ អាជ្ញាធរហ្គាហ្សា បាននិយាយថា មនុស្ស ១.៩០០នាក់ បានស្លាប់។
អ្នកស្រុកជាងមួយលាននាក់នៅភាគខាងជើងហ្គាហ្សា កាលពីថ្ងៃសុក្រ (ទី១៣ ខែតុលា) បានទទួលការជូនដំណឹងរយៈពេល២៤ម៉ោងពីអ៊ីស្រាអែល ឲ្យភៀសខ្លួនទៅភាគខាងត្បូង មុនពេលការវាយលុកលើដី ដែលគេរំពឹងទុក។ ក្រុមហាម៉ាស បានប្តេជ្ញាថា នឹងប្រយុទ្ធរហូតដល់ដំណក់ឈាមចុងក្រោយ ហើយប្រាប់ក្រុមអ្នកស្រុកឲ្យស្នាក់នៅក្នុងផ្ទះរបស់ពួកគេ។
