ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ ជាបិណ្ឌទី១៥ ហើយក៏ថ្ងៃបង្ហើយនៃពិធីបុណ្យភ្ជុំបិណ្ឌផងដែរ។ ទន្ទឹមនេះ បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋជាច្រើនមកពីតំបន់ផ្សេងៗគ្នា បាននាំគ្នាទៅវត្តធ្វើបុណ្យជាមួយទឹកមុខសប្បាយរីករាយ ដែលជាផ្នែកមួយនៃការចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ។
ប្រជាពលរដ្ឋដែលបានចូលរួមធ្វើបុណ្យនៅវត្តឧណ្ណាលោម ស្ថិតនៅក្បែរមាត់ទន្លេ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី បានលើកឡើងថា ការទៅវត្តក្នុងអំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាកាតព្វកិច្ចដែលត្រូវបំពេញ។ បន្ថែមពីនេះ ការធ្វើបុណ្យ និងធ្វើទាន គឺដើម្បីសន្សំទឹកចិត្តឱ្យចេះចែករំលែកជាមួយសហគមន៍ ដូចជាប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងហូបអាហារជុំគ្នាជាមួយពុទ្ធបរិស័ទឯទៀត។
ជាមួយគ្នានេះ ក្រុមពុទ្ធបរិស័ទ បានសម្តែងការជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងមូល ឲ្យជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ និងទៅណាមកណាប្រកបដោយសុខសុវត្តិភាព។
សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យបែបព្រះពុទ្ធសាសនា និងជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត នៃព្រះរាជពិធីទ្វាទសមាស ដែលប្រជារាស្ដ្រទូទាំងកម្ពុជាតែងតែប្រារព្ធមិនដែលអាក់ខានឡើយ គឺចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ មានរយៈពេល១៥ថ្ងៃ ដែលហៅថា បិណ្ឌ១, បិណ្ឌ២, បិណ្ឌ៣ រហូតដល់បិណ្ឌ១៥ ដែលថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ៕ អត្ថបទ៖ ឈិត បូរ៉ាវី





