
ថ្លែងតាមរយៈសារសំឡេងពិសេសនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្នពលរដ្ឋ និងជាពិសេសនិស្សិតកម្ពុជាចំនួន ៤៥២ នាក់ ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល គឺទទួលបាននូវការការពារសុវត្ថិភាពយ៉ាងតឹងរ៉ឹងពីសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធរបស់អ៊ីស្រាអែល។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ទោះបីជានិស្សិត និងពលរដ្ឋកម្ពុជា កំពុងស្ថិតនៅកន្លែង ដែលមានសុវត្ថិភាពក្ដី ក៏កម្ពុជាបានរៀបចំទីកន្លែងសុវត្ថិភាពសម្រាប់និស្សិត និងពលរដ្ឋទាំងនោះជាដដែល។ ទីកន្លែងសុវត្ថិភាពនោះ ត្រូវបានរៀបចំនៅតំបន់ព្រំដែនរវាងអ៊ីស្រាអែល ជាប់នឹងប្រទេសអេហ្ស៊ីប និង ជាប់នឹងប្រទេសហ្សកដង់។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែតាមដានជាប្រចាំអំពីស្ថានភាពដែលកំពុងកើតមាននៅអ៊ីស្រាអែល។ សម្ដេចធិបតីបានអំពាវនាវដល់និស្សិត និងពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្ថិតនៅអ៊ីស្រាអែល សូមស្ដាប់តាមការណែនាំរបស់អាជ្ញាធរនៅទីនោះ។
កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កងកម្លាំងហាម៉ាស់ ស្ថិតនៅទឹកដីគ្រប់គ្រងដោយប៉ាឡេស្ទីន បានវាយចូលតំបន់ Gaza ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ហើយបណ្ដាឱ្យមានអ្នកស្លាប់ប្រមាណ ១០០០នាក់ និងអ្នករងរបួសជាច្រើនពាន់នាក់។ បន្ទាប់មក កងកម្លាំងអ៊ីស្រាអែល បានវាយបកលើ កងកម្លាំងហាម៉ាស់វិញ ដែលបានបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើនពាន់នាក់ដូចគ្នា។ បច្ចុប្បន្នស្ថានភាពនៅទីនោះ នៅបន្តតានតឹងនៅឡើយ៕ដោយ៖ គង់ ឌិន