យោធារបស់អ៊ីស្រាអែល បានព្រមានប្រជាជន ១,១ លាននាក់ដែលរស់នៅក្នុងភាគខាងជើងហ្គាហ្សាឲ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ចំពេលមានសញ្ញាថា អ៊ីស្រាអែលគ្រោងនឹងបង្កើនការវាយលុកសងសឹករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលារបស់ក្រុមនេះ ដែលបានសម្លាប់មនុស្ស ១.៣០០នាក់។

បទបញ្ជាជម្លៀសរបស់អ៊ីស្រាអែល បានជំរុញឲ្យមនុស្សរាប់ម៉ឺននាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅតំបន់ហ្គាហ្សា កាលពីថ្ងៃសុក្រ នេះបើយោងតាមការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ។
វិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា កំពុងកាន់តែជ្រៅ ជាមួយនឹងការព្រមានថា មនុស្សប្រឈមនឹងការស្រេក ឃ្លាន។ យ៉ាងហោចណាស់មនុស្ស១.៩០០នាក់ ត្រូវបានសម្លាប់ នៅហ្គាហ្សា នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន។

លោកប្រធានាធិបតី ចូ បៃដិន និយាយថា សហរដ្ឋអាមេរិកកំពុង«ប្រឹងប្រែងធ្វើការយ៉ាងខ្លាំង» ដើម្បីឲ្យជនជាតិអាមេរិកដែលបាត់ខ្លួនពីអ៊ីស្រាអែលបានត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ ជើងយន្តហោះទីមួយ ដែលក្រសួងការបរទេសអាមេរិករៀបចំ ដើម្បីយកពលរដ្ឋរបស់ខ្លួនចេញពីប្រទេសអ៊ីស្រាអែល បានមកដល់ទីក្រុងអាថែន ប្រទេសក្រិក ហើយការហោះហើរជាច្រើនទៀត ត្រូវបានគ្រោងទុកសម្រាប់ថ្ងៃខាង មុខ។