
ពពកផ្សែងដ៏ធំមួយ ត្រូវបានគេមើលឃើញនៅហ្គាហ្សា នៅថ្ងៃសៅរ៍ (ថ្ងៃទី ១៤ ខែតុលា) ព្រឹកម៉ោង ៧:៤៣ព្រឹកម៉ោងក្នុងស្រុក (០៤៤៣ ម៉ោងសកល) ខណៈដែលជម្លោះជាមួយអ៊ីស្រាអែល បានឈានចូលថ្ងៃទី៨ហើយ។
សំឡេងផ្ទុះដ៏ខ្លាំងមួយ ក៏ត្រូវបានគេឮនៅក្នុងវីដេអូដែលថតចេញពីទីក្រុង Sderot ក្នុងប្រទេសអ៊ីស្រាអែល ដែលមានទីតាំងនៅជិតព្រំដែនភាគឦសាននៃតំបន់ហ្គាហ្សាស្ទ្រីប។
ប្រជាជនប៉ាឡេស្ទីនជាង មួយលាននាក់នៅភាគខាងជើងតំបន់ហ្គាហ្សា បានប្រឈមមុខនឹងឱសានវាទ របស់អ៊ីស្រាអែល នៅថ្ងៃសៅរ៍នេះ ដើម្បីភៀសខ្លួនទៅភាគខាងត្បូង ហើយលោកនាយករដ្ឋមន្ត្រី នបេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា អ៊ីស្រាអែលទើបតែចាប់ផ្តើមសងសឹកចំពោះការវាយលុករបស់ក្រុមហាម៉ាសកាលពីសប្តាហ៍មុន នៅទូទាំងភាគខាងត្បូងអ៊ីស្រាអែល។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានដាក់តំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដែលជាជម្រករបស់ប្រជាជនប៉ាឡេស្ទីន ២,៣ លាននាក់ នៅក្រោមការឡោមព័ទ្ធទាំងស្រុង ហើយបានទម្លាក់គ្រាប់បែកលើវាជាមួយនឹងការវាយប្រហារតាមអាកាស ដែលមិនធ្លាប់មានពីមុនមក។ អាជ្ញាធរហ្គាហ្សា បាននិយាយថា មនុស្ស ១.៩០០នាក់ បានស្លាប់។