
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន ( Hossein Amir-Abdollahian) និងសមភាគីស៊ីរីលោក Faisal Mekdad កាលពីថ្ងៃសុក្រ បានសម្តែងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនក្នុងការការពារសិទ្ធិស្របច្បាប់របស់ពួកគេ និងបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធាអ៊ីស្រា អែលនៅតំបន់ហ្គាហ្សា។
លោក អាមីរ៉ាប់ឌូឡាហៀន បានទៅទស្សនកិច្ចទីក្រុងដាម៉ាស រដ្ឋធានីនៃប្រទេសស៊ីរី ដើម្បីពិភាក្សាជាមួយសមភាគីស៊ីរីលោក Faisal Mekdad ទាក់ទងនឹងជម្លោះកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើនទាំងសងខាង។
ក្នុងជំនួបនោះ ទាំងលោកអាមីរ៉ាប់ឌូឡាហៀន និង Mekdad បានសម្តែងនូវការគាំទ្រឥតងាករេសម្រាប់ការតស៊ូស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីនប្រឆាំងនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល និងការប្រឆាំងយ៉ាងខ្លាំងរបស់ពួកគេចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅទៅលើជនស៊ីវិល និងការតាំងទីលំនៅរបស់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សាស្រ្ពីប។
នៅក្នុងសន្និសីទសារព័ត៌មានរួមមួយដែលបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំនោះ លោក Mekdad បានសង្កត់ធ្ងន់ថា ភាពធ្ងន់ធ្ងរនៃស្ថានភាពនេះ ផ្តើមចេញពីការមិនយកចិត្តទុកដាក់របស់អ៊ីស្រាអែលចំពោះសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន និងការឈ្លានពាន និងការគាបសង្កត់ជាប់ឈប់ឈររបស់ខ្លួននោះ។