
អ្នកស្រុកដែលរស់នៅទីក្រុង ខាន់ យូនីស (Khan Younis) បានប្រើដៃរបស់ពួកគេ ដើម្បីស្វែងរកតាមគំនរបាក់បែកនៃផ្ទះរបស់ពួកគេ ដែលត្រូវបានបំផ្លាញនៅព្រឹកថ្ងៃសៅរ៍ (ទី១៤ តុលា)នេះ បន្ទាប់ពីការវាយប្រហារតាមអាកាសនៅពេលយប់របស់អ៊ីស្រាអែល។
អ្នកស្រុកនៃទីក្រុងខាន់យូនីសដែលផ្ទះរបស់គាត់រងការខូចខាតក្នុងបាតុកម្ម បាននិយាយថា៖«នេះ គឺជាអំពើប្រល័យពូជសាសន៍ មិនមែនជាសង្រ្គាមទេ វាជាការប្រល័យពូជសាសន៍ ហើយវាជាការប៉ុនប៉ង ដើម្បីផ្លាស់ទីលំនៅប្រជាជននៅតំបន់ហ្គាហ្សាស្រ្ទីប ប៉ុន្តែវានឹងមិនកើតឡើងទេ»។
យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃសៅរ៍នេះថា ខ្លួនបានឃើញ «ចលនាដ៏សំខាន់» នៃជនស៊ីវិលប៉ាឡេស្ទីន ធ្វើដំណើរទៅភាគខាងត្បូង មួយថ្ងៃបន្ទាប់ពីវាបានបញ្ជាឲ្យប្រជាជននៅទីក្រុងហ្គាហ្សា ភៀសខ្លួន ខណៈដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានសន្យាថា នឹងមានការសងសឹកបន្ថែមទៀតចំពោះការវាយសម្រុកចូលរបស់ក្រុមហាម៉ាស កាលពីសប្តាហ៍មុន។
អ៊ីស្រាអែលបានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាសសម្រាប់ការវាយប្រហារមួយសប្តាហ៍មុន ដែលក្នុងនោះក្រុមយុទ្ធជនរបស់ខ្លួន បានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ១.៣០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល និងចាប់ចំណាប់ថ្នូរ ជាច្រើននាក់។