ភ្នំពេញ៖ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសកំណត់ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ ដែលមានអត្រាការឆ្លងជំងឺកូវីស-១៩កើនឡើង ជាតំបន់លឿងទុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ កាលពីម្សិលមិញហើយនោះ ឃើញថានៅថ្ងៃទី០៣ ខែមិថុនានេះ ប្រភេទអាជីវកម្មមួយ ចំនួន ក្នុងភូមិព្រៃទា១ ត្រូវបានបិទ។
បើតាមប្រភពព័ត៌មានពីកងកម្លាំងសមត្ថកិច្ច ដែលកំពុងធ្វើការត្រួតពិនិត្យយ៉ាងតឹងរឹងនៅគោល ដៅនេះ បានប្រាប់BTVឱ្យដឹងថា ក្រៅពីប្រភេទអាជីវកម្មមួយចំនួន ពុំអនុញ្ញាតឱ្យដំណើរការ ស្របតាម សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញហើយនោះ នៅគោលដៅបិទខ្ទប់ នៃភូមិព្រៃទា១នេះ ក៏ពុំអនុញ្ញាតឱ្យមានការធ្វើចរាចរចេញចូលផងដែរ លើកលែងតែករណីអ្នកត្រូវទៅយកសំណាក ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ និងករណីសុខភាពសង្គ្រោះបន្ទាន់។
កាលពីថ្ងៃទី០២ ខែមិថុនា នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច ស្តីពីការដាក់ចេញ នូវវិការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមាន ហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣ ខែមិថុនានេះ រហូត ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
ផ្នែកខ្លះ នៃភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងភូមិផ្សារតូច នៃសង្កាត់ទួល សង្កែទី១ ខណ្ឌឫស្សីកែវ ត្រូវបានកំណត់ជាតំបន់លឿងទុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅមានអនុភាពអនុវត្តបន្ត រហូតដល់អស់សុពលភាព ឬ មានការសម្រេចជាថ្មី ៕ អត្ថបទ៖ ជៀប សម្បត្តិ