ប៉ាឡេស្ទីន ៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រជាពលរដ្ឋរស់នៅទីក្រុងតែលអាវីវ បានស្វែករកទីជម្រក ពេលដែលស៊ីរ៉ែនការវាយឆ្មក់គ្រាប់រ៉ុក្កែត បានបន្លឺឡើង នៅទូទាំងទីក្រុងតំបន់ឆ្នេរមួយនេះ ។
យោធាអ៊ីស្រាអែល បានអះអាងថា ស៊ីរ៉ែនរ៉ុក្កែត បានបន្លឺឡើងនៅទីក្រុងតែល អាវីវ និងទីក្រុងជុំវិញទីនោះ កាលពីយប់ថ្ងៃសៅរ៍ ។
គួរឲ្យដឹងថា មនុស្សប្រហែល ១.៣០០នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើឃាតកម្មដ៏ឃោឃៅបំផុតរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលធ្វើឲ្យអ៊ីស្រាអែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាំងទំហំនៃការសម្លាប់ និងរូបភាពវីដេអូឃ្លីបដ៏គួរឲ្យតក់ស្លុត ។
ជាការឆ្លើយតបវិញ យន្តហោះចម្បាំង និងកំាភ្លើងធំអ៊ីស្រាអែល បានវាយប្រហារមលើតំបន់ហ្គាហ្សា អំឡុងការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតរបស់ពួកគេ ធ្វើឲ្យតំបន់មួយនេះ ស្ថិតនៅក្រោមការឡោមព័ទ្ធទាំងស្រុង ។
ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា រាយការណ៍ថា ការវាយប្រហារតាមច្រកអាកាសរយៈពេល ២៤ម៉ោងចុងក្រោយនេះរបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីន ៣២៤នាក់ ហើយនិងធ្វើឲ្យមនុស្ស ១ពាន់នាក់រងរបួស ។ នៅក្នុងចំណោមអ្នកស្លាប់ មានកុមារយ៉ាងហោច ១២៦នាក់ និងស្រ្តី ៨៨នាក់ ៕

