ប៉ាឡេស្ទីន ៖ ក្រោយពេលជម្លៀសខ្លួន និងត្រូវបានគេកាត់ផ្តាច់អគ្គិសនី ទឹក និងប្រេងឥន្ធនៈ ជនប៉ាឡេស្ទីនរាប់ម៉ឺននាក់នៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ចាប់ផ្តើមបាត់បង់វិធីទាក់ទងគ្នារបស់ពួកគេ ស្របពេលដែលការតភ្ជាប់អ៊ីនធឺណិត កាន់តែខ្សត់ខ្សោយនោះ ។
លោក Adel Shaheen គឺជាពលរដ្ឋមួយរូបរស់នៅតំបន់ហ្គាហ្សា ដែលប្រើប្រាស់ផ្ទាំងស្រូបថាមពលពន្លឺព្រះអាទិត្យ បានចាប់ផ្តើមផ្តល់ការសាកថ្មដល់មនុស្សដែលចង់សាកថ្មទូរស័ព្ទរបស់ពួកគេ ។
លោក Shaheen និយាយថា អ្នករស់នៅក្នុងតំបន់ហ្គាហ្សា ដែលមកសាកថ្មទូរស័ព្ទរបស់ពួកគេ គឺចង់រក្សាការទាក់ទងជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ ក្នុងនោះពួកគេមួយចំនួន បានធ្វើដំណើរទៅតំបន់ភាគខាងត្បូង ក្រោយពេលអ៊ីស្រាអែល និយាយប្រាប់អ្នកស្រុករស់នៅតំបន់ភាគខាងជើងហ្គាហ្សា ត្រូវតែជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។
ពលរដ្ឋម្នាក់ទៀត រស់នៅក្នុងតំបន់ហ្គាហ្សា និយាយថា គាត់មានអារម្មណ៍ថា ពួកគេបានវិលត្រឡប់ទៅរកយុគសម័យថ្មវិញ ។
សូមបញ្ជាក់ថា អ៊ីស្រាអែលបានទុកពេលត្រឹមព្រឹកថ្ងៃសៅរ៍ ឲ្យប្រជាពលរដ្ឋរស់នៅតំបន់ពាក់កណ្តាលនៅភាគខាងជើងតំបន់ហ្គាហ្សាស្រ្ទីម រួមទាំងតំបន់តាំងលំនៅនិគមក្នុងទីក្រុងហ្គាហ្សា ឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ។
ពួកគេបានប្រកាសកាលពីយប់មិញថា ពួកគេនឹងធានាសុវត្ថិភាពឲ្យជនប៉ាឡេស្ទីនជម្លៀសចេញពីតំបន់មួយនេះ តាមផ្លូវសំខាន់ៗ ២ខ្សែ រហូតដល់ម៉ោង ៤ល្ងាច ៕

