អុីស្រាអែល ៖ បាតុករអ៊ីស្រាអែលរាប់រយនាក់ បានជួបជុំគ្នានៅខាងក្រៅក្រសួងការពារជាតិអ៊ីស្រាអែលកាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងភាពអសកម្មរបស់រដ្ឋាភិបាល ជុំវិញចំណាប់ថ្នូរដែលចាប់ដោយក្រុមជីវពលហាម៉ាស់ ។
ភាគច្រើននៃក្រុមបាតុករ បានកាន់ស្លាកសញ្ញាមានឈ្មោះ និងរូបភាពអ្នកដែលបាត់ខ្លួន ឬអ្នកដែលត្រូវបានគេចាប់ជាចំណាប់ថ្នូរ បន្ទាប់ពីមានការវាយប្រហារទ្រង់ទ្រាយធំពីក្រុមជីវពលហាម៉ាស់ ។
បាតុករមួយចំនួនទៀត បានគ្រវីទង់ជាតិអ៊ីស្រាអែល និងកាន់បដាសរសេរថា លោកនាយករដ្ឋមន្រ្តីបេនចាមីន ណេតាន់យ៉ាហ៊ូ ត្រូវតែទទួលខុសត្រូវចំពោះការខកខានដ៏គួរខកចិត្តមួយនេះ ដែលនាំឲ្យមានការវាយប្រហាររបស់ក្រុមហាម៉ាស់ និងបានអំពាវនាវឲ្យលោកលាលែងពីតំណែង ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសៅរ៍ថា សាកសពរបស់ពលរដ្ឋអ៊ីស្រាអែលមួយចំនួន ដែលត្រូវបានគេចាប់ជាចំណាប់ថ្នូរ អំឡុងការវាយប្រហារដ៏អាក្រក់បំផុតដោយក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីន ត្រូវបានរកឃើញនៅជ្រោយនៃតំបន់ហ្គាហ្សាស្រ្ទីប ។
អ៊ីស្រាអែល បាននិយាយកាលពីពេលថ្មីៗនេះថា ពួកគេបានបញ្ជាក់អត្តសញ្ញាណមនុស្ស ១២០នាក់ ដែលត្រូវបានចាប់ធ្វើចំណាប់ថ្នូរដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ហើយនិងបានជូនដំណឹងដល់សាច់ញាតិរបស់ពួកគេ ៕

