ពោធិ៍សាត់ ៖ ក្នុងឱកាសអញ្ជើញទទួល អំណោយជាស្បៀងនិងគ្រឿងឧបភោគ បរិភោគ ពីអតីតសិស្សវិទ្យាល័យពោធិ៍សាត់ឆ្នាំសិក្សា១៩៧៩-១៩៨២ រួមនិងអំណោយ របស់ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយករដ្ឋករទឹកស្វយ័ត ក្រុងភ្នំពេញ និងលោកជំទាវ ។ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានលើកឡើងថា ជំនន់ទឹកភ្លៀង បានធ្វើអោយប៉ះពាល់ស្រូវប្រមាណ៧០០០ហិកតា និងប៉ះពាល់ប្រជាពលរដ្ឋប្រមាណ៩០០០គ្រួសារ ដែលប្រឈមនិងបញ្ហាខ្វះខាតស្បៀង ស្ថិតក្នុងស្ថានភាពលំបាកបែបនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានទទួលអំណោយជាស្បៀង ជាបន្តបន្ទាប់ ពីសប្បុរសជននានា សម្រាប់ចាត់ចែង ផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតស្បៀង ក្នុងក្រុង-ស្រុកចំនួន៤ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ផងដែរ ។
ឯកឧត្តម បានបន្តថា សប្បុរសជននានាបានចូលរួមស្ម័គ្រចិត្តបរិច្ចាកធនធានផ្ទាល់ខ្លួន ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ គឺបានបង្ហាញពី សាមគ្គីភាព ការចេះជួយគ្នា ក្នុងសង្គមខ្មែរយើង និងបានបង្ហាញពីវប្បធម៌ចែករំលែកអ្នកមានធនធាន ជួយអ្នកខ្វះខាត ។
ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អតីតសិស្សវិទ្យាល័យពោធិ៍សាត់ឆ្នាំសិក្សា១៩៧៩-១៩៨២ និងឯកឧត្តម ឡុង ណារ៉ូ ព្រមទាំងលោកជំទាវ ដែលបានចូលរួមជួយឧបត្ថម្ភស្បៀងនិងគ្រឿងឧបភោគ បរិភោគដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចាត់ចែងតាមភាពចាំបាច់និងផ្តល់ជូនប្រជាពលរដ្ឋដែលទទួលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ ស្បៀងនិងគ្រឿងឧបភោគ បរិភោគទាំងនេះពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងការជួយទ្រទ្រង់និងដោះស្រាយរាល់បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ដែលទទួលរងយ៉ាងធ្ងន់ធ្ងគ្រោះជំននទឹកភ្លៀងបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដំណាំកសិកម្មនិងប្រជាពលរដ្ឋមួយចំនួនជួបកង្វះខាតស្បៀង ទាមទាឱ្យមានការជួយអន្តរាគមន៍ទាន់ពេលវេលា។ ឯកឧត្តម បានបញ្ជាក់ថា ស្បៀងនិងគ្រឿងឧបភោគ បរិភោគទាំងអស់នេះរដ្ឋបាលខេត្តនឹងយកទៅចែកជូនប្រជាពលរដ្ឋឱ្យចំគោលដៅនិងមានតម្លាភាពដើម្បីឱ្យស្របទៅនឹងគោលបំណងរបស់ម្ចាស់ជំនួយចង់បាន។
សូមបញ្ជាក់ដែរថា អំណោយដែលរដ្ឋបាលខេត្តពោធិ៍សាត់ទទួលបានពីអតីតសិស្សវិទ្យាល័យពោធិ៍សាត់ឆ្នាំសិក្សា១៩៧៩-១៩៨២ រួមមានអង្ករ១៥តោន មី១០០កេស ទឹកត្រី១០០យួរ ទឹកស៊ីអ៊ីវ១០០យួរនិងត្រីខ១០០យួរ ហើយអំណោយដែលទទួលបានពី ឯកឧត្តម ឡុង ណារ៉ូ ព្រមទាំងលោកជំទាវ រួមមាន អង្ករ១៥តោន មី១០០កេស ត្រីខ១០០យួរ ទឹកត្រី១០០យួរ ទឹកស៊ីអ៊ីវ១០០យួរនិងមី១០០កេស ៕
អត្ថបទ៖ ពៅ ភិរុណ







