កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣នេះ ខេត្តកំពង់ឆ្នាំង បានទទួលភ្ញៀវទេសចរជាតិអន្តរជាតិប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះទេសចរណ៍អន្តរជាតិមានចំនួន១៨៤នាក់ផងដែរ ។
លោកបានបន្តថា៖ ក្នុងរយៈពេល៣ថ្ងៃនៃពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ បានមកលេងតាមវត្តអារាម និងទីរមណីដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំងសរុបប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន១៨៤នាក់ផងដែរ។ កត្តាមានកំណើនភ្ញៀវកើនឡើងវិញបែបនេះ ដោយសារប្រទេសកម្ពុជាទប់ស្កាត់បានការឆ្លងជំងឺកូវីដ១៩ ដែលនៅតាមសហគមន៍ទាំងអស់ក្នុងប្រទេស គឺមានភាពសាំជាមួយនឹងជំងឺឆ្លងមួយនេះ ដោយមិនមានអ្នកឆ្លងទៀតឡើយ។ អតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងយ៉ាងខ្លាំងបំផុតក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ ដោយសម្តេចបានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដើម្បីអោយមានភាពសាំក្នុងរាងកាយ។ ជាពិសេសទៀតនោះ ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ មិនមានជម្លោះផ្ទៃក្នុងផងនោះ បាននាំអោយទេសចរជាតិ អន្តរជាតិ បានកើនឡើងវិញគួរអោយកត់សម្គាល់។
ទោះជាភ្ញៀវទេសចរបានកើនឡើងក៏ពិតមែន ក៏ប៉ុន្តែមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅបានជំរុញអោយតាមសហគមន៍ និងរមណីដ្ឋាននានា ត្រូវយកចិត្តទុកដាក់លើសេវាកម្មទាំងម្ហូបអារហារ ការស្នាក់នៅ ផ្លូវធ្វើដំណើរ និងអនាម័យបរិស្ថានអោយបានល្អស្អាត ដោយត្រូវគិតគូរពីសុខសុវត្ថិភាព និងសុខុមាលភាពភ្ញៀវទេសចរជាដាច់ខាត ។ ចំណែកចំណតរថយន្ត ម៉ូតូ ក៏ត្រូវមានតម្លៃសមរម្យ មិនត្រូវយកថ្លៃលើសការកំណត់របស់មន្ទីរឡើយ៕ ដោយ ៖ កាំង ហុងវាស្នា











