ភ្នំពេញ÷ ប្រេសិតពិសេសនៃអនុសញ្ញាអូតាវ៉ា ព្រះអង្គម្ចាស់ Mired បានបង្ហាញពីការពេញចិត្តនិងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទសកលលើកទី៣ស្តីពីការជួយសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងឆ្នាំ ២០២៣នេះ ហើយនិងកិច្ចប្រជុំកំពូលសៀមរាប- អង្គរស្តីពីពិភពលោកដែលគ្មានមីន ដែលនឹងប្រព្រឹត្តឡើងក្នុងខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។
ការអបអរសាទរដល់កម្ពុជាយ៉ាងដូច្នេះ ក្នុងខណះដែលឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ជួបពិភាក្សាការងារជា មួយព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់ មីនប្រឆាំងមនុស្ស និងគណៈប្រតិភូនៃអនុសញ្ញាអូតាវ៉ានៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ លើការងាររៀបចំសន្និសីទសកលលើកទី៣ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងបរិបទសិទ្ធិជនមានពិការភាព ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ ២០២៣ និងការត្រៀមធ្វើជាប្រធានដឹកនាំកិច្ចប្រជុំ និងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកដែលគ្មានមីន ក្នុងឆ្នាំ២០២៤ ក្រោមក្របខណ្ឌនៃអនុសញ្ញាអូតាវ៉ា។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានមាន ប្រសាសន៍ថា កម្ពុជា មានមោទនភាពដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន ព្រមទាំងស្វាគមន៍ចំពោះព្រះវត្តមានព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein និងគណៈប្រតិភូអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា ដែលបានចំណាយពេលវេលាចូលរួម ផ្តល់នូវខ្លឹមសារដ៏មានសារៈសំខាន់ និងសហការរៀបចំដំណើរការនៃសន្និសីទសកលទី៣ទាំងមូល។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់ព្រះអង្គម្ចាស់ Mired ដែលបានចំណាយ ពេលរយៈពេល ១៩ ឆ្នាំ ក្នុងបុព្វហេតុជំរុញសកម្មភាពមីនឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។
នៅក្នុងឱកាសនោះព្រះអង្គម្ចាស់ Mired បានលើកឡើងថា ដំណើរការនៃការរៀបចំសន្និសីទសកលលើកទី៣នៅថ្ងៃមុខនេះ នឹងផ្តោតសំខាន់លើកិច្ចជួយសង្រ្គោះជនរង គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងជំរុញការយកចិត្តទុកដាក់ឱ្យកាន់តែប្រសើរឡើង ហើយការងារនេះនឹងបន្តពិភាក្សាគ្នាបន្ថែមទៀតក្នុងកិច្ចប្រជុំកំពូលនៅខេត្តសៀមរាប។ បន្ថែមពីនេះ ព្រះអង្គម្ចាស់ មីរ៉េតសង្ឃឹមថា រដ្ឋមិនមែនភាគី នឹងបន្តចូលរួមជារដ្ឋភាគីនៃអនុ សញ្ញាអូតាវ៉ា ហើយទាំងរដ្ឋភាគី និងរដ្ឋមិនមែនភាគី នឹងបន្តចូលរួមជាមួយគ្នាពិភាក្សាលើបញ្ហាដែលនៅសេស សល់ និងធ្វើឱ្យមានភាពប្រសើរឡើងដល់កិច្ចសង្រ្គោះជនរង គ្រោះថ្នាក់ដោយសារមីន និងសិទ្ធិជនមានពិការភាព។
យោងតាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្រ្តី បានឱ្យដឹងថា ក្នុងដំណើរការសន្និសីទសកលលើកទី៣ខាងមុខនេះ មានតំណាងប្រទេសចំនួន ៤៥ និងមានជំនាញការជាច្រើនចូលរួម នឹងលើកយកនូវលទ្ធផល និងបញ្ហាប្រឈមនានាក្នុងការអនុវត្តអនុសញ្ញានាពេលកន្លងមក ដើម្បីយកមកធ្វើការពិភាក្សាគ្នា និងជំរុញលើកកម្ពស់ការអនុវត្តអនុសញ្ញាឱ្យកាន់តែល្អប្រសើរជាងមុនក្នុងកិច្ចជួយសង្រ្គោះជនរង គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនមានពិការភាព។ អង្គសន្និសីទនេះ នឹងបង្កើតឱ្យមាននូវផែនការសកម្មភាពរយៈពេល ០៥ឆ្នាំសម្រាប់ការ អនុវត្តអនុសញ្ញាទៅមុខទៀត។ ឯកឧត្តមបានបន្តទៀតថា អង្គសន្និសីទទាំងមូល នឹងពិភាក្សាគ្នាផងដែរលើគោលដៅទៅមុខដែលកម្ពុជានឹងក្លាយជាប្រធានដឹកនាំកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភព លោកដែលគ្មានមីន ក្នុងខែធ្នូ ឆ្នាំ២០២៤។ ក្នុងនាមកម្ពុជាជាប្រធានដឹកនាំកិច្ចប្រជុំកំពូលក្នុងឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីផែនការសកម្មភាពអាទិភាពចំនួន ៤ ដែលនឹងត្រូវយកពិភាក្សា រួមមាន ការផ្សព្វផ្សាយជំរុញការអនុវត្តអនុសញ្ញាអូតាវ៉ា .ជំរុញការងារបោសសម្អាតមីនដើម្បីឆ្ពោះទៅរកពិភពលោកគ្មានមីន .ជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងកិច្ចសង្រ្គោះជនមានពិការភាពដោយ សារគ្រប់មីន សហគមន៍រងគ្រោះ និងសិទ្ធិជនមានពិការភាព៕
អត្ថបទ.ភារម្យ













