ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការរំពឹងយ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងជួយបំពេញនូវចំណុចខ្វះចន្លោះផ្នែកទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ដែលបានរកឃើញដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ។

បន្ទាប់ពីកិច្ចប្រជុំ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបភាពសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធភាជាតិ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា វិស័យអាកាសចរណ៍ស៊ីវិល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តសង្គមសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការងារដោយផ្ទាល់ និងដោយប្រយោល ការគាំទ្រ និងជំរុញវិស័យទេសចរណ៍ពាណិជ្ជកម្ម ការទាក់ទាញ និងជំរុញដល់ការវិនិយោគផ្ទាល់ពីបរទេស និងធុរកិច្ចក្នុងស្រុកប្រកបដោយទំនុកចិត្ត និងមានលក្ខណៈសេដ្ឋកិច្ចផងដែរ ។

ឯកឧត្តមបានបន្តថា តាមរយៈសេចក្តីព្រាងច្បាប់នេះ នឹងបង្កើតឲ្យមានស្ថាប័នអាកាសចរណ៍ស៊ីវិលមួយ មានលក្ខណៈអចិន្ត្រៃយ៍ ដែលមានរចនាសម្ព័ន្ធ និងសមត្ថកិច្ចពេញលេញក្នុងការលើកកម្ពស់ និងធានាដល់ដំណើរការគ្រប់គ្រងចាត់ចែង និងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល នៃប្រទេសកម្ពុជាស្របតាមស្ថានភាពជាក់ស្ដែង នាពេលបច្ចុប្បន្ន ។
ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា ជាពិសេសទៀតនេះ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឆ្លើយតបទៅនឹងតម្រូវការ និងចំណុចខ្វះចន្លោះ ដែលបានតម្រូវ និងរកឃើញដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ។

អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា បន្ទាប់ពីបានស្ដាប់របាយការណ៍ របស់គណៈកម្មការទី៩ ព្រឹទ្ធសភា និងបានពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ខាងលើយ៉ាងល្អិតល្អន់ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាយល់ឃើញថា សេចក្តីព្រាងច្បាប់នេះ មានលក្ខណៈត្រឹមត្រូវ តាមទម្រង់ច្បាប់ និងគតិច្បាប់ និងសម្រេចដាក់នូវសេចក្តីព្រាងនេះ ចូលក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ ហើយត្រូវព្រឹទ្ធសភាជាតិ នឹងធ្វើការពិនិត្យ ហើយឲ្យយោបល់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ ៕ អត្ថបទ បាន សុខរិទ្ធិ



