សហរដ្ឋអាមេរិក កំពុងពង្រឹងកម្លាំងសព្វាវុធរបស់ខ្លួននៅមជ្ឈិមបូព៌ា ដើម្បីការពារការរីករាលដាលនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងរារាំងអ៊ីរ៉ង់ ពីការចូលរួមក្នុងការភ័យខ្លាចរបស់អន្តរជាតិនៃសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ។

នាវាផ្ទុកយន្តហោះថ្មីបំផុតរបស់សហរដ្ឋអាមេរិក និងជានាវាធំបំផុតរបស់ពិភពលោក ត្រូវបានបញ្ជូនទៅកាន់ភាគខាងកើតមេឌីទែរ៉ាណេរួចហើយ ហើយអាមេរិក ក៏គ្រោងនឹងបញ្ជូននាវាផ្ទុកយន្តហោះទីពីរ របស់ខ្លួន ឲ្យទៅដល់តំបន់នោះក្នុងរយៈពេល ១០ថ្ងៃខាងមុខនេះផងដែរ។

ខណៈពេលដែលសេតវិមាននិយាយថាមិនមាន «ផែនការ ឬចេតនា» ក្នុងការប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ទាំងនោះទេ នេះមានន័យថាទ្រព្យសម្បត្តិយោធារបស់សហរដ្ឋអាមេរិក នឹងត្រៀមផ្តល់ជំនួយផ្លូវអាកាស ដើម្បីការពារផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ប្រសិនបើចាំបាច់។ អាមេរិកក៏មានមូលដ្ឋានទ័ពជាច្រើននៅមជ្ឈិមបូព៌ាផងដែរ ជាមួយនឹងកងទ័ព យន្តហោះចម្បាំង និងនាវាចម្បាំងជាច្រើនគ្រឿង។
អ៊ីស្រាអែល បានប្តេជ្ញាកម្ទេចក្រុមហាម៉ាស ដែលគាំទ្រដោយអ៊ីរ៉ង់ និងគ្រប់គ្រងតំបន់ហ្គាហ្សា ស្ទ្រីប បន្ទាប់ពីពួកខ្មាន់កាំភ្លើងរបស់ក្រុមនេះ បានវាយលុកទីក្រុងនានារបស់អ៊ីស្រាអែល កាលពីប្រាំបីថ្ងៃមុន ដោយបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលជាង ១.៣០០នាក់ និងចាប់ចំណាប់ថ្នូរជាច្រើននាក់ទៀត នៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតលើជនស៊ីវិលក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ៕
