បាត់ដំបង៖ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២០ម៉ឺននាក់ បានមកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាននានានៅទូទាំងខេត្តបាត់ដំបង។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា រយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបចំនួន ២១២ ៧៨៦នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៤៥៧នាក់។
លោក ហម អរុណ បានបង្ហាញការកត់សម្គាល់ថា ខេត្តបាត់ដំបងទទួលបានកំណើនភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដោយសារអាកាសធាតុមានលក្ខណៈល្អប្រសើរពុំមានភ្លៀងធ្លាក់ ដែលជាកត្តាអំណោយផលដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរបានទៅវត្តធ្វើបុណ្យទាន និងដើរលំហែកម្សាន្តតាមទីជិតឆ្ងាយនានា។
លោក ហម អរុណ បានបញ្ជាក់ថាបន្ថែមថា កំណើនភ្ញៀវទេសចរនាឆ្នាំនេះក៏បានមកពីមានការរួមចំណែកយ៉ាងសំខាន់ពីអាជ្ញាធរ និងកងកម្លាំងនៅតាមបណ្ដាក្រុង ស្រុក ដែលបានខិតខំរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយនានាក្នុងមូលដ្ឋាន ព្រមទាំងពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
ខេត្តបាត់ដំបង មានវិសាលភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្តមានចំនួន១១១ ទីតាំងក្នុងនោះ រមណីយដ្ឋានទេសចរណ៍មានចំនួន ២០ ទីតាំង សហគមន៍ និងអេកូទេសចរណ៍មាន ៤ ទីតាំង គោលដៅទេសចរណ៍មាន ៥៤ ទីតាំង ទេសចរណ៍សាសនាមាន ២៩ ទីតាំង និងកសិទេសចរណ៍មាន៤ទីតាំង ព្រមទាំងគោលដៅទេសចរណ៍ថ្មីៗបន្ថែមទៀតដែលមិនទាន់បានរាប់បញ្ចូលផងដែរ៕





