អ្នកស្នងមរតកអាជីវកម្ម លោក ដានីញ៉ែល ណូបូអា (Daniel Noboa) គឺជាប្រធានាធិបតីបន្ទាប់របស់ប្រទេសអេក្វាឌ័រ ដោយបានប្រកាសជ័យជម្នះរបស់ខ្លួនកាលពីថ្ងៃអាទិត្យ (១៥ តុលា) ខណៈដែលក្រុមប្រឹក្សាជាតិបោះឆ្នោតរបស់ប្រទេសនេះបាននិយាយថា លទ្ធផលបោះឆ្នោតបានចង្អុលបង្ហាញពីការឈ្នះដាច់ ហើយគូប្រជែងរបស់លោក ណូបូអា ក៏បានទទួលស្គាល់ជ័យជម្នះនោះផងដែរ។

លោក ណូបូអា ទទួលបានសម្លេងឆ្នោតច្រើនជាង ៥២% ខណៈដែលគូប្រជែងឆ្វេងនិយមរបស់ខ្លួន គឺលោក លូអ៊ីសា ហ្គុនហ្ស៊ាឡេស (Luisa Gonzalez) ទទួលបានសម្លេងគាំទ្រប្រហែល ៤៨% ជាមួយនឹងសន្លឹកឆ្នោតជាង ៩០% ត្រូវបានរាប់រួចទៅហើយ។
លោក ណូបូអា វ័យ ៣៥ឆ្នាំ ដែលជាបេក្ខជនប្រធានាធិបតីដ៏គួរឱ្យភ្ញាក់ផ្អើលម្នាក់ សម្រាប់ការបោះឆ្នោតនៅដើមអាណត្តិ បានសន្យាថា នឹងធ្វើឱ្យសេដ្ឋកិច្ចប្រសើរឡើង ព្រមទាំងបង្កើតការងារសម្រាប់យុវជន ក៏ដូចជាបញ្ជូនខ្លួនឧក្រិដ្ឋជនដ៏គ្រោះថ្នាក់ ដាក់នៅលើកប៉ាល់ពន្ធនាគារផងដែរ។

លោក ណូបូអា នឹងជួបប្រទះនឹងបញ្ហាប្រឈមដ៏សំខាន់នៃការកែតម្រូវសេដ្ឋកិច្ច ដែលបានជួបផលលំបាកចាប់តាំងពីការរាតត្បាតនៃមេរោគឆ្លងកូវីដ១៩ ព្រមទាំងបានជំរុញឱ្យប្រជាជនអេក្វាឌ័ររាប់ពាន់នាក់ធ្វើអន្តោប្រវេសន៍ និងមានកំណើនឧក្រិដ្ឋកម្មយ៉ាងខ្លាំង រួមទាំងការកើនឡើងនៃឃាតកម្ម ប្លន់ និងកុបកម្មក្នុងពន្ធនាគារនៃប្រទេសមួយនេះផងដែរ៕
