
ស្រីលង្កា៖ ក្រុមអាជ្ញាធរក្នុងប្រទេសស្រីលង្កា បានព្យាយាមទប់ស្កាត់គ្រោះមហន្ដរាយបរិស្ថានដ៏ធំនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលនាវាកុងតឺន័រ ០១គ្រឿង ដែលផ្ទុកទៅដោយសារធាតុគីមីជាច្រើនបានខូចខាតដោយសារអគ្គិភ័យ និងបានលិចនៅជិតកំពង់ផែដ៏សំខាន់មួយរបស់ប្រទេសនេះ។
នាវាឈ្មោះMVX-Press Pearl ដែលមានដោតទង់ជាតិសិង្ហបុរីបានចាប់ផ្ដើមលិចកាលពីថ្ងៃពុធ ១ថ្ងៃបន្ទាប់ពីក្រុមអាជ្ញាធរបានពន្លត់ភ្លើងដែលបានឆេះយ៉ាងខ្លាំងលើនាវាអស់រយៈពេល ១២ថ្ងៃមក។
កិច្ចប្រឹងប្រែងសណ្ដោងនាវានោះចេញពីតំបន់ទឹកជ្រៅទៅកំពង់ផែក្រុងកូឡំបូត្រូវបរាជ័យដោយសារតែនាវាមានទម្ងន់ធ្ងន់ពេក ដែលជាហេតុធ្វើអោយនាវាលិចទឹក និងធ្លាក់ចូលទៅក្នុងបាតសមុទ្រតែម្ដង។
ក្រុមប្រតិបត្តិការផ្នែកX-Press Feeders របស់នាវាបាននិយាយថា អគ្គិភ័យបានបំផ្លាញទំនិញជាច្រើននៅលើនាវា ដែលក្នុងនោះ រួមមានអាស៊ីតនីទ្រីក ២៥តោន និងសារធាតុគីមីជាច្រើនទៀតផងដែរ។
ប៉ុន្តែ ការព្រួយបារម្ភនៅតែមានដោយសារតែសារធាតុគីមី ក៏ដូចជាប្រេងរាប់រយតោនដែលលិចចេញពីធុងប្រេងរបស់នាវាចូលទៅក្នុងសមុទ្រផងដែរ៕ អត្ថបទ៖ មករា