មនុស្សជាងមួយលាននាក់ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅតំបន់ហ្គាហ្សា ក្នុងទិដ្ឋភាពនៃភាពចលាចល និងភាពអស់សង្ឃឹម នៅពេលដែលអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាស្ទ្រីបដែលគ្រប់គ្រងដោយក្រុមហាម៉ាស និងបន្តការប្រមូលផ្តុំកងទ័ពនៅថ្ងៃចន្ទនេះ ដើម្បីរៀបចំសម្រាប់ការវាយលុកលុយលើដីពេញទំហឹង។

អ៊ីស្រាអែល បានប្រកាសសង្រ្គាមលើក្រុមឥស្លាមមួយថ្ងៃ បន្ទាប់ពីរលកនៃក្រុមយុទ្ធជនរបស់ខ្លួន បានទម្លុះចូលតាមព្រំដែន ដែលមានកម្លាំងខ្លាំង កាលពីថ្ងៃទី ៧ ខែតុលា ដោយការបាញ់ប្រហារ ចាក់ និងដុតសម្លាប់មនុស្សជាង ១.៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។

បន្ទាប់មក អ៊ីស្រាអែលបានបញ្ចេញយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរលើតំបន់ហ្កាហ្សា ដែលបានបំផ្លាញសង្កាត់នានា និងបានបណ្តាលឲ្យ មនុស្សយ៉ាងតិច ២.៦៧០ នាក់ស្លាប់ នៅក្នុងទឹកដីនេះ ដែលភាគច្រើនជាជនស៊ីវិល។

ជនជាតិប៉ាឡេស្ទីនដែលកាន់របស់របរអ្វីក៏ដោយដែលពួកគេអាច ដាក់ក្នុងកាបូប និងវ៉ាលី ឬ ខ្ចប់ដាក់លើម៉ូតូកង់បី រថយន្តដែលខូច ឡានដឹកទំនិញ និង ទេះអូសដោយសត្វលា បានក្លាយជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ក្នុងកាលៈទេសៈនេះ។
ការរត់គេចពីការទម្លាក់គ្រាប់បែក និងអនុវត្តតាមបញ្ជារបស់អ៊ីស្រាអែល ដើម្បីផ្លាស់ទីទៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ប្រជាជនត្រូវស្វែងរកទីជម្រកគ្រប់ទីកន្លែង ដែលពួកគេអាចធ្វើបាន រួមទាំងនៅតាមដងផ្លូវ និងនៅតាមសាលារៀន ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ។