អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវកាលពីថ្ងៃអាទិត្យ ឱ្យក្រុមហាម៉ាស់ ដោះលែងចំណាប់ថ្នូរទាំងអស់ និងឱ្យអ៊ីស្រាអែលអនុញ្ញាតការផ្តល់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា ដោយព្រមានថាមជ្ឈិមបូព៌ាគឺ ជិតដល់ការធ្លាក់ចូលអន្លុងជ្រៅ ។

លោក Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាតំបន់ហ្គាហ្សា កំពុងអស់ទឹក គ្មានការផ្គត់ផ្គង់អគ្គិសនី និងការផ្គត់ផ្គង់ចាំបាច់ផ្សេងទៀត។ លោកបាននិយាយបន្តទៀតថា ស្តុកស្បៀងអាហារ ទឹក ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងប្រេងឥន្ធនៈរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអេហ្ស៊ីប ហ្ស៊កដានី តំបន់West Bank និងអ៊ីស្រាអែល អាចត្រូវបានបញ្ជូនក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ ហើយបុគ្គលិក ត្រូវតែអាចនាំយកការផ្គត់ផ្គង់ទាំងនេះចូលក្នុង និងនៅទូទាំងតំបន់ហ្គាហ្សាដោយសុវត្ថិភាព និងគ្មានការរារាំង។ លោកបានអំពាវនាវឱ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ។ វាមិនគួរក្លាយជាគន្លឹះដាក់បន្ទុកក្នុងការចរចានោះទេ ហើយវាត្រូវតែអនុវត្តព្រោះវាជារឿងត្រឹមត្រូវដែលត្រូវធ្វើ ខណៈ យើងស្ថិតនៅជិតទីជ្រៅបំផុតនៅមជ្ឈិមបូព៌ា។

អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមហាម៉ាសកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីរលកនៃអ្នកប្រយុទ្ធរបស់ក្រុមសកម្មប្រយុទ្ធបានទម្លុះព្រំដែនដ៏រឹងមាំ ហើយបានបាញ់ ចាក់សម្លាប់ និងដុតសម្លាប់មនុស្សជាង ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ការទម្លាក់គ្រាប់បែកឥតឈប់ឈរជាបន្តបន្ទាប់បានធ្វើឱ្យសង្កាត់ទាំងអស់ត្រូវបានបំផ្លាញ និងបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ២.៦៧០នាក់បានស្លាប់នៅក្នុងតំបន់ហ្គាហ្សា ភាគច្រើនជាប្រជាជនប៉ាឡេស្ទីនសាមញ្ញ។
អ៊ីស្រាអែល បានកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក អគ្គិសនី និងស្បៀងអាហារទាំងអស់ទៅកាន់តំបន់ហ៊ុមព័ទ្ធឆ្នេរដែលមានប្រជាជនរស់នៅច្រើន មុនពេលបន្តការផ្គត់ផ្គង់ទឹកទៅភាគខាងត្បូងវិញកាលពីថ្ងៃអាទិត្យ។ កងទ័ពអ៊ីស្រាអែល បានប្រាប់ប្រជាជននៅភាគខាងជើងតំបន់ហ្គាហ្សានៅមានជិតពាក់កណ្តាលនៃចំនួនប្រជាជន ២,៤ លាននាក់ ឱ្យធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងទៅកាន់កន្លែងសុវត្ថិភាព មុនពេលការវាយលុកលើដែនដីនេះដែលត្រូវបានរំពឹងទុក។