ពលរដ្ឋតំបន់ហ្គាហ្សា ត្រូវបានគេមើលឃើញថាកំពុងតម្រង់ជួរចាំចាក់ប្រេងឥន្ធនៈ នៅទីក្រុងខាន់ យ៊ូនីសុន (Khan Younison) កាលពីថ្ងៃអាទិត្យ (១៥ តុលា) ស្របពេលមានកង្វះខាតយ៉ាងខ្លាំង បន្ទាប់ពីការបិទខ្ទប់តំបន់មួយនេះដោយអ៊ីស្រាអែល។

អ្នកវិភាគសេដ្ឋកិច្ចតំបន់ហ្គាហ្សា លោក Mohammad Abu Jiab បាននិយាយថា កង្វះប្រេងឥន្ធនៈបានធ្វើឱ្យមានផលប៉ះពាល់ដល់ជីវិតអ្នកស្រុក និងភ្នាក់ងារសង្គ្រោះ រួមទាំងមន្ទីរពេទ្យផងដែរ។

តំបន់ហ្គាហ្សា បានទទួលរងនូវការទម្លាក់គ្រាប់បែកយ៉ាងសាហាវបំផុត ដែលខ្លួនមិនធ្លាប់ឃើញ ជាលទ្ធផលនៃការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១.៣០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល។

ក្រុមអាជ្ញាធរនៅតំបន់ហ្គាហ្សា បាននិយាយថា មនុស្សជាង ២ .៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងការសងសឹករបស់អ៊ីស្រាអែល ដែលមួយភាគបួននៃអ្នកស្លាប់ទាំងនោះជាកុមារ និងមនុស្សជិត ១០.០០០នាក់ បានរងរបួសរហូតមកដល់ពេលនេះ។ មន្ទីរពេទ្យក្នុងតំបន់ជុំវិញ កំពុងមនាការខ្វះខាតនូវការផ្គត់ផ្គង់វេជ្ជសាស្ត្រ និងកំពុងជួបការលំបាកដើម្បីទប់ទល់នឹងលំហូរនៃអ្នករបួស។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីព្រឹកថ្ងៃអាទិត្យ (១៥ តុលា) ថា មនុស្ស ៣០០នាក់ត្រូវបានសម្លាប់ និងមនុស្សជាង ៨០០នាក់ទៀត បានរងរបួសនៅក្នុងតំបន់ហ្គាហ្សាក្នុងអំឡុងពេល ២៤ម៉ោងចុងក្រោយនេះផងដែរ៕