បាល់ទាត់៖ ដូចការគ្រោងទុករបស់លោក Keisuke honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា និងគ្រូបង្វឹកថ្មីលោក Ryu Hirose បានផ្ដល់ឱកាសដល់កីឡាករវ័យក្មេងជាច្រើនរូប បង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតដ៏ធំជាមួយក្រុមជម្រើសជាតិបារ៉ែន នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ពូល C កាលពីយប់មិញ ខណៈលទ្ធផលកម្ពុជា ចាញ់ម្ចាស់ផ្ទះបារ៉ែន ៨-០។

សម្រាប់ជំនួបជើងទី២ នេះ វគ្គទី១ ម្ចាស់ផ្ទះបារ៉ែនរកបាន ២គ្រាប់នាំមុខទាំងលំបាក បន្ទាប់ពីកម្ពុជាបានប្រើប្រាស់កីឡាករមានបទពិសោធន៍ច្រើនក្នុងជម្រើស ១១នាក់ដំបូង។ ប៉ុន្តែចូលវគ្គទី២ លោក Keisuke Honda បានផ្លាស់ប្ដូរកីឡាករមួយចំនួន ពិសេសកីឡាករវ័យក្មេង ៤រូប ដែលត្រូវបានផ្ដល់ឱកាសឲ្យលេងលើកដំបូងជាមួយក្រុមជម្រើសជាតិក្រុមធំ រួមមានកីឡាករ វុធ តុលា, ស រតនា, ម៉ាត់ នូរុណ និង លឹម ពិសុទ្ធ។ បន្ទាប់ពីមានការផ្លាស់ប្ដូរ និងផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេង ក្រុមជម្រើសជាតិបារ៉ែនក៏បានព្យាយាមដាក់សម្ពាធ លើកម្ពុជារហូតរកបាន ៦គ្រាប់ទៀត។ រីឯក្រុមគោព្រៃកម្ពុជាក៏បានព្យាយាមវាយបក ជាមួយទម្រង់ប្រយុទ្ធ ដោយមិនញញើតរហូតចប់ការប្រកួតផងដែរ តែមិនអាចបំប៉ោងសំណាញ់ទីរបស់ក្រុមម្ចាស់ផ្ទះបានឡើយ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ៩០នាទីពេញ ដោយកម្ពុជាចាញ់បារ៉ែន ៨-០ តែម្ដង។

តាមរយៈការបរាជ័យនេះ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជាមិនទាន់ស្គាល់ជ័យជម្នះឡើយ បន្ទាប់ពីឆ្លងកាត់ ៦ប្រកួតស្មើ ១ និងចាញ់ ៥ ទើបរកបាន ១ពិន្ទុប៉ុណ្ណោះ ខណៈកាលពីជើងទី១ កម្ពុជា ចាញ់បារ៉ែន ១-០។ រីឯជ័យជម្នះរបស់ក្រុមបារ៉ែនវិញ បានធ្វើឲ្យពួកគេឡើងឈរកំពូលតារាងពូល C ជាបណ្ដោះអាសន្នដោយរកបាន ១២ពិន្ទុក្នុងដៃជាមួយលទ្ធផល ៦ប្រកួតឈ្នះ៣ និងស្មើ ៣ មិនទាន់ស្គាល់បរាជ័យឡើយ។ យ៉ាងណាមិញក្រុមជម្រើសជាតិកម្ពុជា នៅសល់ការប្រកួតបង្គ្រប់កិច្ច ២ប្រកួតទៀតបន្ទាប់ពីអស់ឱកាសប្រជែងកៅអីវគ្គបន្ត ពោលគឺត្រូវជួបក្រុមជម្រើសជាតិអ៊ីរ៉ាក់នាថ្ងៃទី៧ ខែមិថុនា និងចុងក្រោយជួបក្រុមខ្លាំងអ៊ីរ៉ង់នាថ្ងៃទី១១ ខែមិថុនា ខណៈការប្រកួតសេសសល់របស់ក្រុមគោព្រៃកម្ពុជានេះ នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News៕


អត្ថបទ៖ លី ឈុនឡា