លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃសៅរ៍ថា ជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស អាចក្លាយជា «ប្រភពនៃភាពមិនប្រាកដប្រជា» មួយផ្សេងទៀត សម្រាប់សេដ្ឋកិច្ចពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធាន IMF រូបនេះបាននិយាយថា លោកស្រី រួមជាមួយនឹងមន្ត្រីមូលនិធិ IMF ផ្សេងទៀត ជឿថាវា «លឿនពេក» ក្នុងការអះអាងពីផលប៉ះពាល់នៃជម្លោះលើសេដ្ឋកិច្ចពិភពលោក។ លោកស្រីក៏បានលើកឡើងផងដែរថា ការវាយប្រហារលើជនស៊ីវិលស្លូតត្រង់ គឺជា «សោកនាដកម្ម» ដែលបង្ហាញពីក្តីសង្ឃឹមរបស់លោកស្រី សម្រាប់ការវិលត្រឡប់មកវិញនៃសន្តិភាព។

លោកស្រី Georgieva បានធ្វើការលើកឡើងបែបនោះ ក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារពិភពលោក និងមូលនិធិ IMF ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ នៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក និងដំណើរការរហូតដល់ថ្ងៃអាទិត្យ (១៥ តុលា) ម្សិលមិញនេះ៕