ក្រុមមន្ត្រី និងសកម្មជនសិទ្ធិមនុស្សមូស្លីម កាលពីថ្ងៃអាទិត្យ (ទី១៥ ខែតុលា) បាននិយាយថា បុរសម្នាក់ នៅរដ្ឋ Illinois សហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មស្អប់ខ្ពើម ក្រោយចាក់ក្មេងប្រុសមូស្លីមអាយុ ៦ឆ្នាំ បណ្ដាលឲ្យស្លាប់ និងធ្វើឲ្យម្តាយរបស់ក្មេងនោះរងរបួស ក្នុងការវាយប្រហារមួយ ដែលបានកំណត់គោលដៅពាក់ព័ន្ធនឹងជំនឿសាសនារបស់ពួកគេ និងជាការឆ្លើយតបទៅនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ការិយាល័យតម្រួតបានឲ្យដឹងថា ការិយាល័យតម្រួតរបស់តំបន់ Will County បានបញ្ចេញរូបថតរបស់ជនសង្ស័យឈ្មោះ Joseph Czuba វ័យ ៧១ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី១ ប៉ុនប៉ងមនុស្សឃាតកម្រិតទី១ ដែលជាការប្រព្រឹត្តបទល្មើស ២ករណីនៃឧក្រិដ្ឋកម្មស្អប់ខ្ពើម និងការប្រើប្រាស់អាវុធបំពានលើរាងកាយរហូតបណ្ដាលឲ្យស្លាប់។

ការិយាល័យតម្រួតបានប្រាប់ក្នុងសេចក្តីថ្លែងការណ៍ថា ក្មេងប្រុសនេះត្រូវបានចាក់ចំនួន ២៦កាំបិត ដោយកាំបិតចំពុះទុង។ ចំណែកស្ត្រីជាម្ដាយរបស់ក្មេងរងគ្រោះវ័យ ៣២ឆ្នាំ មានរបួសស្នាមជាច្រើនកន្លែង តែត្រូវបានគេរំពឹងថា នឹងរួចជីវិតពីការវាយប្រហារ ដែលបានកើតឡើង កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក នៅទីប្រជុំជន Plainfield ចម្ងាយប្រហែល ៤០ម៉ាយ (៦៤គីឡូម៉ែត្រ) ភាគនិរតីនៃទីក្រុង Chicago។
នៅពេលនគរបាលទៅដល់កន្លែងកើតហេតុ ពួកគេបានឃើញ លោក Czuba អង្គុយនៅលើដីខាងក្រៅផ្ទះ ដោយមានស្នាមរបួសនៅលើថ្ងាស។ ចំណែកជនរងគ្រោះនៅក្នុងបន្ទប់ដេក។ សារព័ត៌មាន Reuters មិនអាចស្គាល់អត្តសញ្ញាណមេធាវីរបស់ជនជាប់ចោទ លោក Czuba បានទេ។ សេចក្តីថ្លែងការណ៍ បានបន្តថា ជនជាប់ចោទកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររង់ចាំការបង្ហាញខ្លួនដំបូង នៅតុលាការ៕