ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅប្រទេសចិនក្នុងសប្តាហ៍នេះ ក្នុងគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូ ដែលបង្កើតឡើងរវាងដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ធំបំផុតទាំងពីរ របស់សហរដ្ឋអាមេរិក។

លោកពូទីន នឹងចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវ នៅទីក្រុងប៉េកាំងនៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែតុលា ខាងមុខនេះ ដែលជាដំណើរលើកដំបូងរបស់លោក នៅខាងក្រៅអតីតសហភាពសូវៀត ចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួនលោកពូទីន កាលពីខែមីនា ជុំវិញការនិរទេសកុមារនៅអ៊ុយក្រែន ក្នុងសង្រ្គាមរបស់ខ្លួន។

ប្រទេសចិន និងរុស្ស៊ី បានប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលលោក ពូទីន ធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុនពេលដែលលោកបានបញ្ជូនទាហានរាប់ម៉ឺននាក់ ចូលទៅក្នុងប្រទេសអ៊ុយក្រែន ដែលបង្កឱ្យមានការប្រយុទ្ធគ្នានៅលើដីដ៏មហន្តរាយបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
សហរដ្ឋអាមេរិក ចាត់ទុកប្រទេសចិន ជាគូប្រជែងដ៏ធំបំផុតរបស់ខ្លួន ហើយរុស្ស៊ីជាការគំរាមកំហែងរដ្ឋដ៏ធំបំផុតរបស់ខ្លួន ខណៈដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រកែកថា សតវត្សនេះនឹងត្រូវកំណត់ដោយការប្រកួតប្រជែងអត្ថិភាពជាមួយរវាងលទ្ធិប្រជាធិបតេយ្យ និងអត្តាធិបតេយ្យ៕