ការស្ទង់មតិនៅកន្លែងបោះឆ្នោត បានបង្ហាញថា គណបក្សកាន់អំណាចច្បាប់ និងយុត្តិធម៌ (PiS) របស់ប្រទេសប៉ូឡូញ បាននាំមុខយ៉ាងកៀកកិតនៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ (ទី១៥ ខែតុលា) ប៉ុន្តែគណបក្សប្រឆាំងសេរីហាក់ដូចជាទទួលបានសំឡេងភាគច្រើន ដោយធ្វើឲ្យមានលទ្ធភាពកាន់តែខ្ពស់ ដែលឈានទៅដល់ការបញ្ចប់ការគ្រប់គ្រងជាតិនិយមរយៈពេល ៨ឆ្នាំ។

ប្រសិនបើលទ្ធផលត្រូវបានបញ្ជាក់ដោយលទ្ធផលផ្លូវការ ការបោះឆ្នោតនឹងបង្ហាញពីការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ទីក្រុងវ៉ាសូវី ដែលបានខ្វែងគំនិតជាមួយសហភាពអឺរ៉ុប ជុំវិញនីតិរដ្ឋ សេរីភាពប្រព័ន្ធផ្សព្វផ្សាយ ជនអន្តោប្រវេសន៍ និងសិទ្ធិរបស់អ្នកស្រលាញ់ភេទដូចគ្នា (LGBT) ចាប់តាំងពីគណបក្ស PiS ឡើងកាន់អំណាចក្នុងឆ្នាំ២០១៥។
ការស្ទង់មតិលើអ្នកចេញពីមណ្ឌលបោះឆ្នោតរបស់ស្ថាប័នស្រាវជ្រាវ Ipsos បានបង្ហាញឲ្យបង្ហាញឲ្យឃើញថា គណបក្ស PiS ទទួលបានសំឡេង ៣៦.៨ភាគរយនៃការបោះឆ្នោត ដែលនឹងធ្វើឲ្យគណបក្សនេះមានសមាជិកសភា ២០០នាក់ នៅក្នុងសភាដែលមាន ៤៦០អាសនៈ។

គណបក្សប្រឆាំង ដែលដឹកនាំដោយសម្ព័ន្ធពលរដ្ឋសេរី (KO) ត្រូវបានព្យាករថា នឹងរួមគ្នាឈ្នះបាន ២៤៨អាសនៈ ដោយគណបក្ស KO ត្រូវបានគេមើលឃើញថា ទទួលបានសំលេងឆ្នោត ៣១,៦ភាគរយ។ លទ្ធផលផ្លូវការខ្លះៗ គ្រោងនឹងចេញផ្សាយនៅថ្ងៃចន្ទ (ទី១៦ ខែតុលា) នេះ៕