មនុស្សរាប់ពាន់នាក់បានចេញមកតវ៉ាតាមផ្លូវនៅកណ្តាលទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ (ទី១៥ តុលា) ដើម្បីបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយប្រជាជនប៉ាឡេស្ទីន និងថ្កោលទោសការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា។

ក្រុមមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះ បានស្រែកថា «អ៊ីស្រាអែលជារដ្ឋភេរវករ» និងកាន់បដា ដែលសរសេរថា «យើងទាំងអស់គ្នាជាជនជាតិប៉ាឡេស្ទីន»។
គណៈប្រតិភូរដ្ឋាភិបាល បានឲ្យដឹងថា មនុស្ស ១០.០០០នាក់ បានចូលរួមការហែក្បួន ដែលត្រូវបានរៀបចំដោយក្រុមប៉ាឡេស្ទីនមានមូលដ្ឋាននៅប្រទេសអេស្ប៉ាញ។

ប្រទេសអ៊ីស្រាអែលបានប្រាប់ឲ្យពលរដ្ឋជម្លៀសចេញទៅកាន់ភាគខាងត្បូង ដោយមនុស្សរាប់សែននាក់ បានភៀសខ្លួនរួចមកហើយ ក្នុងដែនដីដែលត្រូវបានឡោមព័ទ្ធ ដែលជាកន្លែងរស់នៅរបស់មនុស្សជាង ២លាននាក់។ ក្រុមហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានប្រាប់ប្រជាជនឲ្យធ្វើមិនដឹងមិនឮនឹងសាររបស់អ៊ីស្រាអែលនេះ៕