កោះកុង ៖ អ្នកទេសចរជាតិ និងអន្តរជាតិប្រមាណ៨,៤៩៨ នាក់ បានចាប់អារម្មណ៍មកលេងកម្សន្តតាមរមណីយដ្ឋានទេសចរណ៍ក្នុងខេត្តកោះកុង។ មន្រ្តីមន្ទីរទេសចរណ៍ខេត្តកោះកុង លើកឡើងថា តួលេខទេសចរបានថយចុះ៣,៧៤២ នាក់។
៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ ខេត្តកោះកុងបានទទួលភ្ញៀវទេសចរមកលេងកម្សាន្តបានតែ៨,៤៩៨ នាក់ប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែតុលា។ លោក សាគុណ ភក្តី មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងថា ក្នុងចំណោមទេសចរទាំង៨.៤៩៨នាក់ មានអ្នកទេសចរអន្តរជាតិចំនួន២១០ នាក់ កើនឡើង ១៥ នាក់ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅ។
មន្រ្តីទេសចរណ៍ខេត្តកោះកុង បន្ថែមរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា សម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិឆ្នាំនេះ បានថយចុះ៣,៧៤២ នាក់ ស្មើនឹង -៣០% ព្រោះតែផ្លូវជាតិលេខ៤៨កំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើសាងសង់ថ្មី និងកត្តាបញ្ហាអាកាសធាតុមានភ្លៀងធ្លាក់ច្រើន។ រីឯបញ្ហាសន្តិសុខសណ្តាប់ធ្នាប់វិញ មិនចោទជាបញ្ហាប៉ុន្មាននោះទេ ពោលគឺប្រតិបត្តិករ អាជីវករ និងសេវាករទេសចរណ៍ បានអនុវត្តទៅតាមការណែនាំរបស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញ។ ទោះយ៉ាងណា ក៏មានអ្នកបម្រើវិស័យទេសចរណ៍មួយចំនួនបន្តលួចតម្លើងថ្លៃសេវាផងដែរ៕ អត្តបទ៖ ឈឹម មករា









