ភ្នំពេញ៖ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត សុខ ប៉ូ ថ្លែងថា កិច្ចបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ គឺជាកាតព្វកិច្ចរបស់យុវជន និងប្រជាជនត្រូវចូលរួមដើម្បីកសាងសង្គមជាតិដ៏ល្អប្រសើរ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្តទៀតថា ស្ថានភាពតម្រូវការឈាម៩ខែ ក្នុងឆ្នាំ២០២៣នេះ យើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិត អ្នកជំងឺរៀងរាល់ ៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃ សរុបជាមធ្យមមានជាង៣០០ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេស មានប្រមាណជាង១០ម៉ឺនប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគ្របដណ្តប់៨០% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលអំណោយឈាម បានតាមរយៈសប្បុរសជន ដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ ឆ្លើយតបបានប្រហែល២០% នៃតម្រូវការក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាងការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់បានរហូតដល់ លើសពី៩០% នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។
ក្នុងនាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានលើកឡើងស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយឈាមសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ និងមិនគិតកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។ លោកវេជ្ជបណ្ឌិតបញ្ជាក់បន្ថែមថា ការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណា ឱសថណា អាចផលិតបានទេ សូមកុំរង់ចាំដល់វេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាម បែរជាហួសពេល៕អត្ថបទ រដ្ឋា