ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រកាសបើកដំណើរការទទួលជើងហោះហើរពាណិជ្ជកម្មទី១ ជាផ្លូវការ។ សម្រាប់ការបើកដំណើរការព្រលានយន្តហោះថ្មីទំនើបស្តង់ដារអន្តរជាតិនេះ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាភិច PATA ប្រចាំនៅកម្ពុជា រំពឹងថា នឹងមានភ្ញៀវទេសចរអន្តរជាតិកើនឡើងខ្លាំងជាបន្តបន្ទាប់ចូលទស្សនាខេត្តសៀមរាប និងកម្ពុជាទាំងមូល។
លោក ធួន ស៊ីណាន ប្រធានPATA ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់BTV នៅថ្ងៃទី១៦ ខែតុលានេះថា ជាទូទៅនៅពេលដែលព្រលានយន្តហោះអន្តរជាតិមួយបើកដំណើរការ គឺក្រុមហ៊ុនគ្រប់គ្រងព្រលានផ្ទាល់ និងភាគីពាក់ព័ន្ធនានាទៀត តែងតែសហការគ្នារៀបចំផែនការគ្រប់គ្រងពាណិជ្ជកម្ម ធ្វើទីផ្សារចំបង ទីផ្សារផ្គត់ផ្គង់ និងទីផ្សារទូទៅនានា និងបង្កើនការតភ្ជាប់ជើងហោះហើរត្រង់ ដឹកអ្នកដំណើរអន្តរជាតិ មកពីតាមបណ្តាប្រទេសនានាលើពិភពលោក មកកាន់កម្ពុជា។
យ៉ាងណាក៏ដោយនៅក្នុងដំណើរបើកព្រលានយន្តហោះអន្តរជាតិថ្មីនេះ លោក ធួន ស៊ីណាន បានស្នើភាគីពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) សូមពង្រីកការផ្សព្វផ្សាយ និងពង្រីកទីផ្សារតភ្ជាប់ជើងហោះហើរត្រង់ឲ្យបានច្រើនប្រទេសជាពិសេសទីផ្សារគោលដៅធំៗ ក្នុងតំបន់អាស៊ី តំបន់អឺរ៉ុប អាហ្រឹ្វក និងអាមេរិចជាដើម។
នៅក្នុងដំណើរចុះត្រួតពិនិត្យព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនេះដែរ កន្លងមក ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺបានសាងសង់ដាក់បញ្ចូល និងការរចនាឱ្យមានលក្ខណៈភាពជាខ្មែរ ការថែរក្សានិងលើកស្ទួយអត្តសញ្ញាណជាតិ ហើយឯកឧត្តម ក៏ស្នើអ្នកបម្រើការ និងភាគីពាក់ព័ន្ធនានាសូមបង្កើនការផ្តល់សេវាបដិសណ្ឋារកិច្ច ផ្តល់ភាពកក់ក្តៅ រួសរាយ រាក់ទាក់ និងការសម្របសម្រួលឱ្យបានគ្រប់ជ្រុងជ្រោយដល់ការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរអន្តជាតិនានានៅតាមច្រកទ្វារអន្តរជាតិនានា។
ឯកឧត្តម ម៉ាវ ហាវណ្ណាល់ រដ្ឋមន្ត្រី រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា កម្ពុជា រយៈពេល៩ខែ គិតចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២៣នេះ គឺមានជើងហោះហើរចេញចូលកម្ពុជាជាមធ្យម៨៥០ជើង ក្នុងមួយសប្តាហ៍ និងបានទទួលអ្នកដំណើរអន្តរជាតិតាមផ្លូវអាកាសបានប្រមាណ៧លាននាក់ ហើយតាមតួលេខនេះគឺ កើនបានប្រមាណ៥០% នៃចំនួនអ្នកដំណើរសរុបនៅឆ្នាំ២០១៩ ពេលមិនទាន់មានវិបត្តិកូវីដ១៩ ខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ មានសមត្ថភាពទទួលយន្តហោះចុះចត ១ម៉ោង បានចំនួន២៤គ្រឿង និងអាចទទួលអ្នកដំណើរអន្តរជាតិប្រមាណជា ៧លាននាក់ ក្នុងមួយឆ្នាំៗ៕អត្ថបទ ស៊ុមសុខជា
