ភ្នំពេញ៖ តាមរបាយការណ៍ក្នុងក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ថ្ងៃឈប់សំរាក ពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ មានទេសចរជាតិអន្តរជាតិ បានចេញដើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសមានប្រមាណជិត២លាននាក់ ។
របាយការណ៍បានឲ្យដឹងថា ទេសចរក្នុងស្រុកប្រមាណ ១លាន៩២ម៉ឺននាក់ ដែលបានដើរកម្សាន្ត នាឱកាសពិធីបុណ្យភ្ជំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ គឺមាន ទេសចរជាតិប្រមាណ ១,៨៩ លាននាក់ កើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ហើយទេសចរបរទេសប្រមាណ ២,៧ ម៉ឺននាក់ កើនឡើង ៩០,៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។
របាយការណ៍បានបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ ដែលមានភ្ញៀវទៅទស្សនាច្រើន ទី១ ខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរទៅទស្សនា ៤៤ម៉ឺន នាក់ , ទី២ ខេត្តបាត់ដំបង មានប្រមាណ ២១ម៉ឺន នាក់ , ទី៣ ខេត្តកំពង់ឆ្នាំង មានជិត១៧ម៉ឺននាក់ , ទី៤ ខេត្តព្រះសីហនុ មានភ្ញៀវទៅទស្សនាជិត ១៦ម៉ឺននាក់ និងទី៥ ខេត្តសៀមរាប មានប្រមាណ ១២ម៉ឺន៥០០០នាក់។
តាមការរាយការណ៍ពីរដ្ឋបាលរាជធានីខេត្ត បានបញ្ជាក់ថា ថ្ងៃឈប់សំរាកបីថ្ងៃនេះ តាមគោលដៅទេសចរណ៍ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ឲ្យមកកម្សាន្តខេត្តរបស់ខ្លួន ក្នុងនោះខេត្តត្បូងឃ្មុំបានរៀបចំព្រឹត្តិការណ៍អុំទូកបណ្តែតប្រទីប ភូមិមួយផលិតផលមួយ ការប្រគុំតន្ដ្រីខ្នាតយក្ស និងការបាញ់កាំជ្រួច និងខេត្តកំពង់ឆ្នាំង មានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនាដែលមានការចូលរួមពីទេសចរបរទេសផងដែរ។
ការរៀបចំកម្មវិធីដ៏ទៃទៀតនៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។
ដោយឡែក សម្រាប់សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានាវីញ គឺ មានភាពល្អប្រសើរ កម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់៕អត្ថបទ ស៊ុម សុខជា





