
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យ (១៥ តុលា) ថា ការផ្តល់យោបល់ដែលថាសហរដ្ឋអាមេរិក គួរតែត្រៀមខ្លួនសម្រាប់សង្រ្គាមប្រឆាំងនឹងរុស្ស៊ី និងចិន គឺជារឿងមិនសមហេតុសមផល ហើយបានព្រមានលោកខាងលិចថា សង្រ្គាមណាមួយប្រឆាំងនឹងរុស្ស៊ី នឹងស្ថិតក្នុងកម្រិតខុសគ្នាទាំងស្រុងចំពោះជម្លោះនៅអ៊ុយក្រែន។
គណៈកម្មាធិការទ្វេភាគី ដែលត្រូវបានតែងតាំងដោយសភាអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាមក្នុងពេលដំណាលគ្នា ដែលអាចកើតមានជាមួយទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ដោយពង្រីកកងកម្លាំងធម្មតារបស់ខ្លួន ពង្រឹងសម្ព័ន្ធភាព និងពង្រឹងកម្មវិធីទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ខ្លួន។
លោក ពូទីន ដែលនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងសប្តាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិក បានបង្កភាពតានតឹងជាមួយទីក្រុងប៉េកាំង តាមរយៈការកសាងសម្ព័ន្ធភាពសន្តិសុខ «ត្រីភាគី AUKUS» របស់សហរដ្ឋអាមេរិក អូស្ត្រាលី និងអង់គ្លេស ហើយថារុស្ស៊ី និងចិន មិនបានកសាងសម្ព័ន្ធភាពយោធានោះទេ។
លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានវិមានក្រឹមឡាំង លោក Pavel Zarubin នៅក្នុងឃ្លីបវីដេអូមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា គំនិតនៃសង្គ្រាមរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក គឺមិនមែនជារឿងល្អនោះទេ ប៉ុន្តែប្រសិនបើមានមនុស្សបញ្ចេញគំនិតបែបនេះជាសាធារណៈ ពួកគេក៏មិនអាចបង្កឱ្យមានការព្រួយបារម្ភដល់ទីក្រុងមូស្គូ នោះឡើយ៕